ព័ត៌មានទាន់ហេតុការណ៍៖

ផ្អើលទាំងយប់! រថយន្តសាំយ៉ុងបើកបុកឡំប្រឺតាបណ្តាលឱ្យរបួសធ្ងន់ស្រាល៥នាក់នៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានមនុស្សប្រុសស្រី៥នាក់ដែរបានរងរបួសធ្ងន់និងស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់រថយន្តបើកបុកឡំប្រឺតាយ៉ាងពេញទំហឹង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ លើផ្លូវជាតិលេខ១ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៣១ និង១៣២ ស្ថិតក្នុងភូមិស្វាយតឿ  សង្កាត់ ស្វាយតឿ ក្រុងស្វាយរៀង ។

    តាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា អ្នករងរបួសទាំងនោះមានទី១-ឈ្មោះ ឌី ឃ្លោក ភេទ ប្រុស អាយុ២៧ឆ្នាំ មុខរបរអ្នកបើកឡំប្រឺតា រស់នៅភូមិច្រកស្គរ ឃុំ ស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង,  ទី២-ឈ្មោះ គឹម សាម៉ន ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិ អន្លង់ស្ពាន ឃុំស្វាយចេក ស្រុករំដួល ខេត្ត ស្វាយរៀង អ្នករួមដំណើរ, ទី៣-ឈ្មោះម៉ង ភ័ណ្ឌ ភេទស្រី អាយុ៤១ ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិឃុំជាមួយគ្នា រងរបួសធ្ងន់ (អ្នករួមដំណើរ), ទី៤-ឈ្មោះ គឹម សាឡាត់ ភេទស្រី អាយុ៤១ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិ ប្រសូត្រ១ ឃុំ កណ្ដៀងរាយ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង រងរបួសធ្ងន់ និងទី៥-ឈ្មោះលី ប៊ុនហេង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិឃុំជាមួយគ្នា រងរបួសស្រាល ។

    ចំណែកអ្នកបើករថយន្ដម៉ាកសាំយ៉ុង ពណ៌ស មិនស្គាល់ស្លាកលេខ មិនត្រូវបានស្គាល់ឈ្មោះនោះទេ ព្រោះក្រោយបង្កហេតុ ឃើញសភាពមិនស្រួលបានបើករត់គេចបាត់ភ្លាមៗ។

     តាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុមានអ្នកបើកឡំប្រឺតា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១IF-៣១០១មួយគ្រឿងដោយផ្ទុកមនុស្ស៤នាក់ធ្វើដំណើរលើផ្លូវជាតិលេខ១ក្នុងទិសដៅពីលិចទៅកើត។ ក្រោយមកស្រាប់តែមានរថយន្តម៉ាកសាំយ៉ុងមួយគ្រឿងបើកបរពីជើងទៅត្បូងហើយក៏បានបត់ស្ដាំមិនគោរពសិទ្ធិអាទិភាព ក៏បុកគ្នាយ៉ាងពេញទំហឹងបណ្ដាលឱ្យមនុស្សធ្លាក់ពីលើឡំប្រឺតារដូករណែលពេញផ្លូវបង្កការភ្ញាក់ផ្អើលតែម្ដង។

    បន្ទាប់មកសមត្ថកិច្ចបានមកដល់ធ្វើការវាស់វែងនិងអូសយកមធ្យោបាយធ្វើដំណើរទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តស្វាយរៀង និងដឹកជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ៕

ដោយ៖ សុថាន


ចែករំលែក៖