ខេត្តព្រះសីហនុ ៖ ផ្លូវល្បឿនលឿន គឺកំណត់ល្បឿនខ្ពស់បំផុតសម្រាប់រថយន្តធុនតូចត្រឹម 120គីឡូម៉ែត្រក្នុងមួយម៉ោងសម្រាប់ផ្លូវលាត ត្រង់ ប៉ុន្តែក្នុងស្ថានភាពផ្លូវកោង អ្នកបើកបរត្រូវបានកំណត់ឱ្យបើកបរត្រឹមតែ 40km/h ប៉ុណ្ណោះ រួចទើបត្រូវបង្កើនល្បឿនដល់ 60km/h ឡើងទៅ តាមស្ថានភាពដែលមានផ្លាកសញ្ញា បង្ហាញប្រាប់តាមដងផ្លូវ។
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនឲ្យដឹងផងដែរពីលក្ខខណ្ឌន្តិកៈមួយចំនួននៃការប្រាស់ផ្លូវល្បឿនលឿន ដែលគ្រោងនឹងបើកដំណើរការសាកល្បងចាប់ពីថ្ងៃ01 ខែតុលា ឆ្នាំ2022 ដោយបញ្ជាក់ថា ល្បឿនត្រូវបានកំណត់តាមប្រភេទយានយន្តរួមមាន៖ *រថយន្តគ្រួសារ ធុនស្រាល រត់ក្នុងល្បឿនកម្រិតពី60-120km/h។
– រថយន្តធុនធ្ងន់មិនមានសណ្តោងសឺម៉ីរ៉ឺម៉ក ឬម៉ូតូ 500cc/27Kw ឡើងទៅ រត់ក្នុងល្បឿនកម្រិតពី 60-100km/h ។
-រថយន្តសណ្តោងសឺម៉ីរ៉ឺម៉ក ឬសណ្តោងយានដំណើរកំសាន្ត រត់ក្នុងល្បឿនកម្រិតពី 60-80km/h ។
បើតាមលោក ហ៊ាង សុទ្ធាយុត្តិ បញ្ជាក់បន្ថែមថា ប្រជាពលរដ្ឋដែលប្រេីប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ/ព្រះសីហនុ ត្រូវចូលរួមប្រកាន់ខ្ជាប់ ការគោរពច្បាប់ ដេីម្បីសុវត្ថិភាពរបស់ខ្លួន និងអ្នកធ្វេីដំណេីរតាមដងផ្លូវ ដោយអនុវត្តន៌តាមការណែនាំរបស់ក្រសួងមានសមត្ថកិច្ច។ ប្រសិនបេីអ្នកបើកបរ បើកលើសល្បឿនកំណត់នោះ នគរបាលចរាចរណ៍ ដែលប្រចាំការនៅទីនោះ នឹងធ្វើការណែនាំ ពិន័យអន្តរកាល ព្រមទាំងកាត់ពិន្ទុ ឬឈានទៅដកហូតបណ្ណបើកបរតាមផ្លូវច្បាប់ ។
សុំបញ្ជាក់ថា សម្រាប់ការសាកល្បងដំបូងក្នុងរយៈពេលមួយខែក្នុងខែតុលា ឆ្នាំ2022 មន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូនប្រាប់ថា មិនមានបង់ប្រាក់ទេ។
សូមបញ្ជាក់ថា, ក្រសួងសាធារណការនិងដឹកជញ្ជូន មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ គម្រោងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងព្រះសីហនុ ដែលវិនិយោគសាងសង់ដោយ ក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន(CRBC) គឺជាផ្លូវល្បឿនលឿនដំបូងបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងជាផ្លូវដែលតម្រូវឱ្យបង់ប្រាក់សម្រាប់ការប្រើប្រាស់ផ្លូវនេះ។
ក្នុងន័យដើម្បីផ្សព្វផ្សាយ និងបង្កើនការយល់ដឹងអំពីការប្រើប្រាស់ផ្លូវល្បឿនលឿនដល់សាធារណជន ឱ្យបានទូលំទូលាយ ក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រុមហ៊ុនវិនិយោគ បានសម្រេចអនុញ្ញាតឱ្យ សាធារណជន ដែលជាអ្នកបើកបរយានយន្តប្រើប្រាស់ផ្លូវល្បឿនលឿននេះដោយឥតគិតថ្លៃក្នុងរយៈពេល ០១ខែ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។
សូមបញ្ជាក់ជូនថា យានយន្តដែលអនុញ្ញាតឱ្យប្រើប្រាស់លើផ្លូវល្បឿនលឿន រួមមាន៖ រថយន្តគ្រប់ប្រភេទ ដែលមានល្បឿនអតិបរិមាលើសពី ៧០គ.ម/ម៉ោង ( កំណត់ពីរោងចក្រ) និងទោចក្រយានយន្តដែលមានទំហំ ស៊ីឡាំងចាប់ពី ៥០០cc ឡើងទៅ ៕
ដោយ ៖ សិលា