ខេត្តស្វាយរៀង ៖ យោងតាមលោក វ៉ាន់ សារ៉ាត ប្រធានមន្ទីរទេសចរណ៍ខេត្តស្វាយរៀងបានឱ្យដឹងនៅរសៀលថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២២នេះថាក្នុងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ឆ្នាំ២០២២ ក្នុងខេត្តស្វាយរៀងរយៈពេល៣ថ្ងៃ មានភ្ញៀវទេសចរ បានមកកំសាន្ត ប្រមាណជាង៨ពាន់នាក់ ផងដែរ។
លោកបន្តថា ដោយរយៈពេល ០៣ថ្ងៃ (គិតចាប់ពីថ្ងៃទី២៤-២៥- ២៦ ខែកញ្ញា ឆ្នាំ២០២២) ចំនួនភ្ញៀវទេសចរដែលបានមកកម្សាន្តតាមរមណីយដ្ឋាន នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ឆ្នាំ២០២២ ក្នុងខេត្តស្វាយរៀង មានចំនួនសរុបប្រមាណ៥១៦៨នាក់ ស្រី១៧២៦ នាក់។
ដោយទ្បែក ស្ថិតិភ្ញៀវមកលេងកម្សាន្តតាមអាហារដ្ឋាន អាងហែលទឹក និងគោលដៅទេសចរណ៍នានាក្នុងខេត្ត មានសរុបប្រមាណ៤២០០ នាក់ ស្រី ២០០០នាក់ ។
លោកបន្ថែមថា ចំនួនស្ថិតិភ្ញៀវកម្សាន្តសរុបរួមរយៈពេល ០៣ថ្ងៃ ប្រមាណ ៨៣៦៨ នាក់ ស្រី ៣៧២៦នាក់ ដោយ សកម្មភាពការងាររបស់មន្ទីរទេសចរណ៍ខេត្តរួមមាន បាន ចង បដា ពាក្យស្លោកផ្សព្វផ្សាយទេសចរណ៍ និងគ្រឿងញៀននិងបានផ្សព្វផ្សាយសារាចរណែនាំលេខ០០៨ ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ របស់ក្រសួងទេសចរណ៍ស្តីពី ការរៀបចំគ្រប់គ្រងចរន្តភ្ញៀវទេសចរ និងការពង្រឹងគុណភាពផលិតផលទេសចរណ៍ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ
ព្រមទាំងបានផ្សព្វផ្សាយ និងពង្រឹងវិធានសុវត្ថិភាពទេសចរណ៍ (SOP) និងវិធានការរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពិសេសវិធានការ ៣ការពារ ៣កុំ និងការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព អនាម័យ បរិស្ថាននៅគ្រប់រមណីយដ្ឋាន និងគោលដៅទេសចរណ៍នានា គឺបានល្អប្រសើរ ៕
ដោយ៖ សុថាន