ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជា

ចែករំលែក៖

ប្រទេស​ជប៉ុន ​៖​​ នៅពេលនេះម៉ោង ១០:០០នាទីព្រឹក (ម៉ោងនៅជប៉ុន) ថ្ងៃទី២៨​ កញ្ញា​ ឆ្នាំ​២០២២​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីប្រទេសជប៉ុនវិលត្រឡប់ទៅកាន់មាតុប្រទេសវិញតាមយន្តហោះពិសេស។

សម្ដេចតេជោ​ ហ៊ុន​ សែន​ បានថ្លែង​បញ្ជាក់ថា៖ ប្រសិនបើមិនមានការរំខានដល់ការហោះហើរទេនោះ យន្តហោះនឹងទៅដល់ព្រលានអន្តរជាតិភ្នំពេញនៅម៉ោង ២​ និង៣០នាទីរសៀលនេះ។

បន្ថែមពីនេះ​ សម្ដេច​តេជោ​ សូមអរគុណបងប្អូនជនរួមជាតិចំពោះការជូនពរដល់ការអញ្ជើញធ្វើដំណើររបស់ សម្តេចតេជោ និងគណៈប្រតិភូទាំងអស់។ 

​សូមជម្រាបថា​ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមបុណ្យសពរបស់លោក អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន។ ជាមួយគ្នានោះ សម្តេចតេជោ ក៏បានឆ្លៀតជួបសម្តែងការគួរសមជាមួយឯកឧត្តម ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន និងភរិយា របស់លោក អាបេ ស៊ីនហ្សូផងដែរ។

ក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បាននាំនូវព្រះរាជបន្ទូលព្រះមហាក្សត្រ និងព្រះមហាក្សត្រី ចូលរួមរំលែកនូវមរណទុក្ខជាមួយរដ្ឋាភិបាល និងក្រុមគ្រួសាររបស់លោក អាបេ ចំពោះការបាត់បង់ដ៏ធំធេងមួយនេះ។

នៅចំពោះមុខនាយករដ្ឋមន្ត្រីជប៉ុន និងភរិយារបស់លោក​ អាបេ, សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការសោកស្តាយប្រកបដោយភាពក្រៀមក្រំជាទីបំផុត។ សម្តេចតេជោ បានគូសបញ្ជាក់ថា មរណភាពរបស់លោក អាបេ គឺជាការបាត់បង់មិត្តភក្តិដ៏ល្អមួយរូបរបស់សម្តេច ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា លោក អាបេ ជាមេដឹកនាំមួយរូប ដែលមានគុណបំណាច់យ៉ាងធំធេងសម្រាប់កម្ពុជា៕

ដោយ​៖សហការី​


ចែករំលែក៖