ខេត្តកំពង់ស្ពឺ ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ មានកិត្តិយស សូមគោរពជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅ ខាងលើទ្វារទឹករលាំងជ្រៃ ជាពិសេសតំបន់ទំនាបនានានៃផ្នែកខាងក្រោម ស្របតាមបណ្តោយដងស្ទឹងព្រែកត្នោតក្នុង ភូមិសាស្ត្រខេត្តកំពង់ស្ពឺទាំងអស់មេត្តាជ្រាបថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ ដែលធ្វើឱ្យទឹកផ្នែកខាងលើនៃដងស្ទឹងព្រែកត្នោតហក់ឡើងលឿន។ ស្ថានភាពបែបនេះ ធ្វើឱ្យទឹកស្ទឹងព្រែកត្នោត ផ្នែកខាងក្រោមអាចបង្កឱ្យមានការលិចលង់តំបន់ខ្លះជាយថាហេតុ ហើយផ្នែកខ្លះត្រូវទទួលរងផលប៉ះពាល់ដល់ ដំណាំកសិកម្ម សត្វចិញ្ចឹម ផ្ទះសំបែង ហេដ្ឋារចនាសម្ព័ន្ធនានា ពិសេសអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតបងប្អូន ប្រជាពលរដ្ឋផងដែរ។
ពាក់ព័ន្ធនឹងស្ថានភាពនេះ ដើម្បីធានាសុវត្ថិភាព និងបង្ការនូវគ្រោះថ្នាក់ជាយថាហេតុផ្សេងៗបានទាន់ ពេលវេលា សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសបងប្អូនដែលរស់នៅតំបន់ខាងលើ និងតំបន់ទំនាបនានាផ្នែក ខាងក្រោម នៃទ្វារទឹករលាំងជ្រៃស្របតាមបណ្តោយដងស្ទឹងព្រែកត្នោត ក៏ដូចជាតំបន់ងាយរងគ្រោះមួយចំនួនក្នុង ភូមិសាស្ត្រខេត្តកំពង់ស្ពឺ មេត្តាប្រុងប្រយ័ត្នខ្ពស់ និងស្វែងរកទីទួលសុវត្ថិភាពដែលនៅជិត ដើម្បីចៀងវាងការកើតមានឡើងនូវគ្រោះថ្នាក់ផ្សេងៗ។
រដ្ឋបាលខេត្តកំពង់ស្ពឺសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋនឹងមានការប្រុងប្រយ័ត្ន ព្រមទាំងបង្កើន ការយកចិត្តទុកដាក់ខ្ពស់ចំពោះស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោតដែលកំពុងហក់ឡើងជាបន្តបន្ទាប់នេះ។ ក្នុងករណី បងប្អូនប្រជាពលរដ្ឋ ដែលទទួលរងនូវជំនន់ទឹកភ្លៀង សូមមេត្តារាយការណ៍ និងផ្ដល់ព័ត៌មានឱ្យបានឆាប់រហ័សបំផុត ដល់អាជ្ញាធរ ភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្តជាបន្ទាន់ ដើម្បីអាជ្ញាធរមានលទ្ធភាពចាត់វិធានការដោះស្រាយ ការពារ និងសង្គ្រោះបានទាន់ពេលវេលា៕
ដោយ ៖ សិលា