ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃពុធទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ បានឱ្យដឹងថា អគ្គនាយកដ្ឋានគាំពារបរិស្ថាន បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារកិច្ចគាំពារបរិស្ថាន នព្វមាស (៩ខែ) ឆ្នាំ២០២២ និងទិសដៅការងារសម្រាប់អនុវត្តបន្ត ក្រោមអធិបតីភាពលោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន។ កិច្ចប្រជុំនេះ មានការចូលរួមពីលោក ជា ស៊ីណា អនុរដ្ឋលេខាធិការ ;លោកជំនួយការអមក្រសួង ថ្នាក់ដឹកនាំ និងមន្រ្តីនៃអគ្គនាយកដ្ឋាន សរុបចំនួន ៨២នាក់ កាលពីថ្ងៃទី២៧ ខែកញ្ញាម្សិលមិញនេះ ។
កិច្ចប្រជុំបានដំណើរការទៅតាមរបៀបវារៈ ដោយមានបទបង្ហាញពីនាយកដ្ឋានជំនាញ និងមន្ទីរពិសោធន៍ ទៅលើលទ្ធផលការងារ បញ្ហាប្រឈម សំណូមពរ និងទិសដៅការងារបន្តក្នុងឆ្នាំ២០២២នេះ។
លោក សៅ សុភាព រដ្ឋលេខាធិការប្រធានអង្គប្រជុំ បានមានមតិវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញការងាររបស់ថ្នាក់ដឹកនាំនិងមន្រ្តីទាំងអស់នៃអគ្គនាយកដ្ឋាន ដែលសម្រេចបាននូវលទ្ធផលការងារជាច្រើនគួរជាទីមោទនៈប្រចាំនព្វមាស (៩ខែ) ឆ្នាំ២០២២ នាពេលនេះ។
លោក បានមានមតិណែនាំដោយស្នើសុំឱ្យអគ្គនាយកដ្ឋានយកចិត្តទុកដាក់ និងខិតខំពង្រឹងប្រសិទ្ធភាពការងារបន្ថែមទៀតពិសេស ទៅលើការពង្រឹងសមត្ថភាពមន្រ្តី ពង្រឹង និងពង្រីកសមត្ថភាពការងារប្រកបដោយគុណភាព ប្រសិទ្ធភាព និងឆន្ទះខ្ពស់ ដើម្បីសម្រេចបាននូវទិសដៅការងារ ដែលបានកំណត់លើកិច្ចគាំពារបរិស្ថាន និងមតិណែនាំរបស់ថ្នាក់ដឹកនាំក្រសួង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕
ដោយ៖សហការី