ភ្នំពេញ៖ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញបានបន្តសហការជាមួយនឹងអាជ្ញាធរមូលដ្ឋានខណ្ឌទួលគោកចុះត្រួតពិនិត្យទីតាំងឃ្លាំងទទួលបញ្ចាំ និងស្តុកម៉ូតូ ។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ នេះកម្លាំងអាជ្ញាធរចុះត្រួតពិនិត្យទីតាំងហាងបញ្ចាំនិងស្តុកម៉ូតូ ស្ថិតនៅក្បែរអធិការដ្ឋាននគរបាលខណ្ឌទួលគោក តាមបណ្ដោយផ្លូវលេខ៣២៤ មូលដ្ឋានសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
គួរបញ្ជាក់ផងដែរ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញបានបញ្ជាក់ប្រាប់សារព័ត៌មានឲ្យដឹងថា ក្នុងរង្វង់ប្រតិបត្តិការចុះឆែកត្រួតពិនិត្យទីតាំងហាងបញ្ចាំ នូវតំបន់ឃ្លាំងរំសេវ ចំនួន០៥ថ្ងៃ ដោយគិតចាប់តាំងពីល្ងាចថ្ងៃទី១៩ រហូតមកដល់វេលាម៉ោង ០៤ល្ងាចថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០២២ នេះកម្លាំងអាជ្ញាធរជំនាញពាក់ព័ន្ធអ្នកដឹកនាំផ្ទាល់ដោយលោក ឃ្លាំង ហួត បានចុះត្រួតពិនិត្យទីតាំងហាងបញ្ចាំបានចំនួន៥៣ទីតាំង ក្នុងចំណោមជាង៦០ទីតាំង ដោយបានបិទទីតាំងហាងបញ្ចាំចំនួន ១៣ ទីតាំង ដកហូតម៉ូតូបានចំនួន សរុបចំនួន១១១៣ គ្រឿង រថយន្តចំនួន ១៤ គ្រឿង passapp ចំនួន ១២ គ្រឿងម៉ូតូកង់បីចំនួន ៩គ្រឿង និងឃាត់ខ្លួនម្ចាស់ទីតាំងនិងអ្នកពាក់ព័ន្ធចំនួន ០៩ នាក់ កសាងសំណុំរឿងបញ្ជូនទៅអយ្យអមសាលាដំបូលរាជធានីភ្នំពេញចាត់ការតាមនីតិវិធី។
លោក ឃ្លាំង ហួត អភិបាលរងរាជធានីបានបញ្ជាក់ថាចំពោះម៉ូតូចំនួន ១១១៣ គ្រឿងដកហូតរក្សាទុកនៅតំបន់OCIC គឺលោកបានប្រគល់ជូនទៅកម្លាំងនគរបាលជំនាញ ព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីឱ្យកម្លាំងនគរបាលជំនាញធ្វើការត្រួតពិនិត្យចំពោះម៉ូតូណាជាម៉ូតូខុសច្បាប់និងម៉ូតូណាដែលម៉ូតូបញ្ចាំ រួចចាត់ការតាមនីតិវិធី៕
ដោយ ៖ រ៉ារ៉ា