ព័ត៌មានទាន់ហេតុការណ៍៖

គួរឱ្យរន្ធត់ណាស់! យានយន្តបុកតកន្ទុយគ្នាស្លាប់ម្នាក់របួសធ្ងន់ម្នាក់ផ្អើលទាំងព្រឹកព្រលឹម

ចែករំលែក៖

 

    ខេត្តស្វាយរៀង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍បុកបន្តកន្ទុយគ្នារវាងម៉ូតូនឹងរុឺម៉កម៉ូតូ រថយន្ត២គ្រឿងនិងម៉ូតូ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិចោមរោមមើលនិងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានមកធ្វើអន្តរាគមន៍ទាំងព្រឹកព្រលឹមដោយសារករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យបុរសម្នាក់ស្លាប់និងរបួសធ្ងន់ម្នាក់។

   ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង១៩នាទីព្រឹកថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០២២ លើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៣៣និង១៣៤ ស្ថិតក្នុងភូមិ សាមគ្គី  សង្កាត់ស្វាយតឿ ក្រុង ស្វាយរៀង ។

    តាមសមត្ថកិច្ចនគរបាលក្រុងបានឱ្យដឹងថា មុនកើតហេតុមានបុរសម្នាក់ឈ្មោះ ស្រី សំភក្ដី អាយុ២០ឆ្នាំ មុខរបរសន្តិសុខ រស់នៅភូមិ បែកចាន ឃុំ អង្គប្រស្រែ ស្រុករមាសហែក បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១S -៨០៣៣ធ្វើដំណើរពីលិចទៅកើត ប្រើប្រាស់ល្បឿនលឿន ខ្វះប្រុងប្រយ័ត្នក៏ជ្រុលទៅបុករុឺម៉កម៉ូតូមិនស្គាល់ម៉ាកក្នុងទិសដៅស្របគ្នាពីក្រោយពេញទំហឹង បណ្ដាលឱ្យបុរសឈ្មោះស្រី សំភក្ដី ស្លាប់នៅនឹងកន្លែង។  បន្ទាប់មកក៏មានរថយន្ដម៉ាកឡិចសុីស ពណ៌ស មិនស្គាល់ស្លាកលេខធ្វើដំណើរពីលិចទៅកើត មកបុកជាមួយរថយន្ដម៉ាកSCANIA ពណ៌ខៀវ ពាក់ស្លាកលេខ ខេមរភូមិន្ទ០១.៣.០៤៣៩ សឺមីរុឺម៉កពាក់ស្លាកលេខ ខេមរភូមិន្ទ.០១.៤.០៤៣៩ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណធ្វើដំណើរពីកើតទៅលិច ហើយក៏បានទៅបុកបន្តជាមួយម៉ូតូមួយគ្រឿងទៀតម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១H-៤៥៥៣ បើកបរដោយឈ្មោះ វឿន គន្ធី ភេខស្រី អាយុ២៦ ឆ្នាំ មុខរបរកម្មការិនីរោងចក្រ រស់នៅភូមិ បុស្ស ឃុំមេសថ្ងក ស្រុកចន្ទ្រា ខេត្ត ស្វាយរៀង  ធ្វើដំណើរពីលិចទៅកើត យ៉ាងពេញទំហឹងបណ្ដាលឱ្យរងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលតែម្ដង ។

    ក្រោយមកមធ្យោបាយធ្វើដំណើរទាំងនោះត្រូវសមត្ថកិច្ចវាស់វែងនិងអូសយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តស្វាយរៀង ដើម្បីដោះស្រាយពេលក្រោយតាមច្បាប់។

    ចំណែកអ្នករបួសធ្ងន់ត្រូវបានដឹកយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង រីឯសពត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ។

    សមត្ថកិច្ចបញ្ជាក់ថា ដោយសារតែអ្នកបើកបរម៉ូតូម៉ាកហុងដាសេ១២៥ ពាក់ស្លាកលេខ ស្វាយរៀង ១S -៨០៣៣ ប្រើប្រាស់ល្បឿនលឿនបុកម៉ូតូរុឺម៉កពីក្រោយ ៕

ដោយ៖ សុថាន


ចែករំលែក៖