ព័ត៌មានទាន់ហេតុការណ៍៖

ភាពយន្តជីវិតពិតរបស់សម្តេចតេជោ ហ៊ុន សែន គឺ ភាពយន្តចម្រៀង«ជីវិតក្មេងវត្ត»ថ្ងៃប្រកាសសម្ពោធជាផ្លូវការហើយ

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីសម្រិតសម្រាំងផលិតអស់ជិត១ឆ្នាំ ភាពយន្តចម្រៀង«ជីវិតក្មេងវត្ត» ដែលជាភាពយន្តចម្រៀងបង្ហាញពីជីវិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា គ្រាផ្ញើខ្លួននឹងព្រះសង្ឃ ដើម្បីសិក្សារៀនសូត្រក្នុងរាជធានីភ្នំពេញ ត្រូវបានបង្ហាញជូនសាធារណៈជននៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២។ពិធីសម្ពោធភាពយន្តចម្រៀង នេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោកស្រីភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយស ព្រមទាំងអ្នកសិល្បៈល្បីៗជាច្រើនរូបទៀតនៅទីស្តីការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។

ភាពយន្តចម្រៀង «ជីវិតក្មេងវត្ត» មានរយៈពេលប្រមាណ៣០នាទីដែលភាពយន្តចម្រៀង «ជីវិតក្មេងវត្ត» លាតត្រដាងពីជីវិតតស៊ូរបស់សម្តេចតេជោ នៅពីកុមារភាពឃ្លាតឆ្ងាយឪពុកម្តាយ និងភូមិស្រុក មកផ្ញើវាសនានឹងព្រះសង្ឃក្នុងទីអារាមនៅរាជធានីភ្នំពេញ ដើម្បីស្រវាវិជ្ជានឹងក្រេបយកចំណេះដឹង។ភាពយន្តចម្រៀង «ជីវិតក្មេងវត្ត» នេះចំណាយថវិកាផលិតអស់ជាង១២ម៉ឺនដុល្លារ ដែលចំណាយពេលលើការផលិតជិត១ឆ្នាំ តាំងពីការរើសទីតាំងថត តួសម្តែង ការថតរហូតដល់ការកាត់តជាដើម។ អ្នកទស្សនា ក្នុងសានសន្និបាទបាសម្រក់ទឹកភ្នែកគ្រប់គ្នាព្រោះតែនឹកដល់ជីវិតកម្សត់ តស៊ូ ឃ្លាតពីស្រុក ពីម្តាយឪពុកមកបន្តការសិក្សានៅភ្នំពេញ រស់ពឹងលើបាយបាតស្នាក់នៅវត្តអារ៉ាម និងរងការពេបជ្រាយមើងងាយ ហើយអ្នកទស្សនាពិតជាបានលាន់មាត់សរសើរអំពីវីរភាព ការតស៊ូរបស់សម្តេចតេជោ រួមទាំងកោតសរសើរពីផលិតករ អ្នកដឹកនាំសម្តែង និងតារាសម្តែងដែលមានសមត្ថភាពក្នុងផលិតរឿងប្រកបដោយគុណភាពខ្ពស់បង្ហាញជូនសាធារណជនបានទស្សនា។ 

លោកស្រី ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរបានបញ្ជាក់ឲ្យដឹងថា នេះជាវណ្ណកម្មដ៏វិសេសវិសាលបំផុត ដែលផលិតករតួសម្តែង ក្រុមការងារទាំងអស់ក៏ដូចជា អ្នកឧបត្ថម្ភគាំទ្រ ជាពិសេសអ្នកដឹកនាំរឿង លោក ហ្វៃ សំអាង រួមគ្នាយកចិត្តទុកដាក់ប្រើអស់កម្លាំងចិត្ត សមត្ថភាព និងធនធាន ដើម្បីផលិត ភាពយន្តចម្រៀង ប្រវត្តិសាស្ត្រនេះឲ្យល្អបំផុតព្រោះជាប្រវត្តិរឿងរ៉ាវ និងការតស៊ូរបស់នាយករដ្ឋមន្ត្រី គឺសម្តេចតេជោ ហ៊ុន សែន ដើម្បីទុកជាគំរូសម្រាប់ប្រជាជនខ្មែរទូទៅ ពិសេសយុវជនដែលជាទំពាំងស្នងឫស្សី។ តួអង្គសម្តែងក្នុងរឿងនេះ សុទ្ធសឹងជាសិល្បករសិល្បការិនីល្បីៗ ដែលមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការសម្តែងបានគ្រប់រសជាតិជីវិត យំ សើច កើតទុក្ខ មុខជូរ… គឺអាចធ្វើបានទាំងអស់។លោកស្រី បានធ្វើការកោតសរសើរ និងវា.យតម្លៃខ្ពស់ដល់ក្រុមការងារ សិល្បករសិល្បការិនីដែលមានការលះបង់កម្លាំងកាយចិត្តក្នុងការសម្តែង មិនថា ក្តៅ រងារ យប់ថ្ងៃ ចុះបឹង ប្រឡាក់ភក់យ៉ាងណាក្តីនៅប្រឹងរហូតជោគជ័យ តួយ៉ាងកញ្ញា ឌួង ហ្សូរីដា បានលះបង់សក់ជាទីស្រលាញ់ កាត់ខ្លី ដើម្បីតម្រូវតាមសាច់រឿង។

លោក ហ្វៃ សំអាង ដែលជាអ្នកដឹកនាំភាពយន្តចម្រៀង ជីវិតក្មេងវត្ត បានបញ្ជាក់ឲ្យដឹងថា វណ្ណកម្មប្រវត្តិសាស្ត្រដ៏វិសេសវិសាលនេះ មានកិច្ចការនិងការសម្រេចចិត្តធំៗដែលត្រូវធ្វើឡើងយ៉ាងយកចិត្តទុកដាក់ ទាំងភាសាសន្ទនា ការជ្រើសរើសតួសម្តែង ទីតាំងថត ក្រៅពីនោះនៅមានសម្ភារបច្ចេកទេសទំនើប បច្ចេកទេសកាត់តដែលត្រូវប្រើប្រាស់បម្រើដល់ការផលិត ក្នុងនោះមានក្រុមការងារជំនាញពីគ្រប់ផ្នែកដែលមិនអាចខ្វះបាន។លោក ហ្វៃ សំអាង ក្នុងនាមអ្នកដឹកនាំសម្តែងដែលមានសមត្ថភាព បានបង្ហាញអារម្មណ៍រំភើបចំពោះវណ្ណកម្ម ភាពយន្តចម្រៀង ជីវិតក្មេងវត្ត ហើយបានរំលឹកពីការយកចិត្តទុកដាក់ ផ្តល់អនុសាសន៍ និងការណែនាំដ៏ខ្ពង់ខ្ពស់បំផុត ពីសម្តេចតេជោ ហ៊ុន សែន ដែលសម្តេចតែងឆ្លើយតប និងប្រាប់អំពីដំណាក់កាលនៃជីវិតពិតរបស់សម្តេច ដែលឆ្លុះបញ្ចាំងឲ្យឃើញថា សម្តេចតេជោ ហ៊ុន សែន ក្នុងតួនាទីដ៏ខ្ពស់ មិនត្រឹមជាមគ្គុទេសដឹកនាំប្រទេស ស្វែងរកសន្តិភាព ធានានូវស្ថិរភាព និងការអភិវឌ្ឍប៉ុណ្ណោះទេ តែសម្តេចថែមទាំងមានបេះដូងសិល្បៈ យកចិត្តទុកដាក់គ្រប់សេណារីយ៉ោ និងម៉ត់ចត់ជាទីបំផុតទើបវណ្ណកម្មប្រវត្តិសាស្ត្រមួយនេះ បានសម្រេចយ៉ាងជោគជ័យដ៏ក្រៃលែង៕

ដោយ៖ វឌ្ឍនា


ចែករំលែក៖