បើទោះបីវៀតណាមទើបតែមាន ក្រុមហ៊ុនចំនួន៥ប៉ុណ្ណោះពីការនាំចេញត្រីធូណាទៅកាន់ទីផ្សារនៅក្នុងតំបន់អឺរ៉ុប ពិសេសគឺទីផ្សារប្រទេសដាណឺម៉ាកក្តី ក៏នៅក្នុងឆ្នាំនេះការនាំចេញបានកើនឡើងដល់ទៅ៤ដងបើប្រៀបធៀបនឹងឆ្នាំ ២០២១។
តាមអគ្គនាយកដ្ឋានគយវៀតណាមបានប្រកាសនៅថ្ងៃទី ២៨ខែកញ្ញាថា វៀតណាមរកចំណូលបាន ៧៣០លានដុល្លារពីការនាំចេញត្រីធូណា ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ២០២២នេះ កើនឡើង ៥៥%។
នៅក្នុងខែសីហាតែមួយ ការនាំចេញត្រីធូណាមានតម្លៃ ៩២លានដុល្លារអាមេរិក កើនឡើង ៨៦% ពីមួយឆ្នាំទៅមួយឆ្នាំ។ ការនាំចេញទៅកាន់ទីផ្សារសំខាន់ៗរួមមានសហរដ្ឋអាមេរិក សហភាពអឺរ៉ុប កាណាដា ជប៉ុន អារ៉ាប៊ីសាអូ៊ឌីត និងប្រទេសថៃបានកើនឡើងយ៉ាងខ្លាំងកាលពីខែមុន។
មកទល់នឹងពេលនេះ វៀតណាមបាននាំចេញត្រីធូណាទៅកាន់បរទេស និងដែនដីចំនួន៩៧ដែលស្មើនឹង ១០% នៃតម្លៃនាំចេញអាហារសមុទ្រសរុបរបស់ខ្លួន។ សមាគមអ្នកនាំចេញ និងផលិតអាហារសមុទ្រវៀតណាម (VASEP) បានព្យាករថា ការនាំចេញត្រីធូណានឹងបន្តកើនឡើងបន្ថែមទៀតក្នុងរយៈពេល ៤ ខែចុងក្រោយនៃឆ្នាំនេះ ដែលភាគច្រើនដោយសារតែតម្លៃប្រកួតប្រជែងរបស់អាហារសមុទ្រក្នុងស្រុក។ សមាគមបានប៉ាន់ប្រមាណថា ការនាំចេញត្រីធូណារបស់វៀតណាមនឹងកើនឡើងដល់ ១.១ ពាន់លានដុល្លារនៅឆ្នាំនេះ កើនឡើង ៤៥% ធៀបនឹងឆ្នាំ ២០២១៕ ដោយ៖ ធីរីណា
រូបថត៖ V.S