ភ្នំពេញ ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃ ទី២៩ ខែកញ្ញា ឆ្នាំ ២០២២ ។ អង្គប្រជុំបានអនុម័តតាមរបៀបវារៈ ដែលក្នុងនោះបានអនុម័តកំណត់កាលបរិច្ឆេទបើកសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦ នៅព្រឹក ថ្ងៃចន្ទ ទី៣ ខែតុលា ឆ្នាំ២០២២ ដោយមានរបៀបវារៈដូចខាងក្រោម៖
១- ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦។
២- របាយការណ៍សង្ខេបស្តីពី សកម្មភាពការងាររបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភា លើកទី៧ និងលើកទី៨ នីតិកាលទី៦។
៣- ការសម្រេចអំពីសុពលភាពនៃអាណត្តិ របស់បេក្ខជនជាប់ឆ្នោត ជាតំណាងរាស្រ្ត នីតិកាលទី៦ នៃរដ្ឋសភា ចំនួន ២រូប៖
– លោក ហេង ប៊ុនថាន់ តំណាងរាស្រ្តថ្មីមណ្ឌលខេត្តរតនគិរី ជំនួសលោកប៊ូ ឡាំ ដែលបានទទួលមរណភាព
– លោក នុត ជា តំណាងរាស្រ្តថ្មីមណ្ឌលរាជធានីភ្នំពេញ ជំនួសលោក ជៀប ស៊ីវន ដែលបានទទួលមរណភាព។
៤- ការបោះឆ្នោតជ្រើសតាំងលោក ចាន់ យឿន ជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា និង លោកស្រី ស៊ុន សាភឿន ជាសមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា។
៥- ការពិភាក្សា និងអនុម័តសេចក្តីព្រាង ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធី សារទីបួន ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន៕
ដោយ៖ សូរិយា