ខេត្តព្រះវិហារ ៖ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន បានរៀបចំកិច្ចប្រជុំបណ្តាញសហគមន៍ថ្នាក់តំបន់លើកទី១៥ ក្រោមប្រធានបទ “ជម្រើសមុខរបរសម្រាប់បង្កើតជីវភាពសហគមន៍” នៅសហគមន៍តំបន់ការពារធម្មជាតិ តាំងយូរ ស្ថិតក្នុងឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងវេទិកានេះ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា កិច្ចប្រជុំបណ្តាញសហគមន៍ថ្នាក់តំបន់នេះ រៀបចំឡើងក្នុងគោលបំណងចែករំលែកបទពិសោធន៍ល្អ និងជម្រើសមុខរបរសម្រាប់ការបង្កើនប្រាក់ចំណូល។ តាមរយៈលទ្ធផលនៃកិច្ចប្រជុំនេះ សហគមន៍បានរៀនសូត្របទពិសោធន៍ពីគ្នាទៅវិញទៅមក ព្រមទាំងរៀបចំផែនការសម្រាប់អភិវឌ្ឍន៍នៅតាមសហគមន៍របស់ខ្លួនទៅតាមស្ថានភាពជាក់ស្តែង ។
បណ្តាញសហគមន៍តំបន់មូលដ្ឋានគ្រប់ជាន់ថ្នាក់ ជាដៃគូជាមួយរដ្ឋាភិបាល ដើម្បីស្វែងយល់ពីតម្រូវការ បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយរួមគ្នា ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ អភិរក្សបេតិកភណ្ឌវប្បធម៌ប្រពៃណី ឱ្យបានគង់វង្ស និងដើម្បីបង្កើនសេដ្ឋកិច្ចមូលដ្ឋាន ។
លោក ខៀវ បូរិន អគ្គនាយកសហគមន៍មូលដ្ឋាន និងជាប្រធានបណ្តាញសហគមន៍ថ្នាក់ជាតិ បានសង្កត់ធ្ងន់ថា ការបង្កើតមុខរបរថ្មីៗ ដូចជាការដាំដំណាំ បន្លែ ចិញ្ចឹមសត្វ សេវាកម្មទេសចរណ៍ធម្មជាតិ បានចូលរួមចំណែកបង្កើនចំណូលដល់សហគមន៍មូលដ្ឋាន និងកាត់បន្ថយការពឹងអាស្រ័យលើធនធានធម្មជាតិ។ ការថែររក្សាធនធានធម្មជាតិមានសារៈសំខាន់ណាស់ក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។
សូមបញ្ជាក់ថា៖ គិតត្រឹមឆមាសទី២ ឆ្នាំ២០២២ ក្រសួងបរិស្ថានបានរៀបចំបង្កើតសហគមន៍តំបន់ការពារធម្មជាតិចំនួន ១៩០សហគមន៍ គ្រប់គ្រងផ្ទៃដីទំហំ ៣២៤,២៣៨ហិកតា ស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ ចំនួន៣៤ ក្នុងខេត្តចំនួន១៦ និងមានសមាសភាពគណៈកម្មការសហគមន៍ចំនួន១៨៦៣នាក់ ក្នុងនោះស្ត្រីមានចំនួន៣៥១នាក់ ៕
ដោយ ៖ សហការី