ភ្នំពេញ ៖ នៅយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហោះលើផេកផ្លូវការអោយដឹងថា, នាថ្ងៃទី២៨ខែកញ្ញា ឆ្នាំ២០២២ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និង លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អញ្ជើញជាអធិបតីក្នុងពិធីបញ្ចប់ការសិក្សានៃគម្រោង«គ្រាប់ពូជសម្រាប់អនាគត»ប្រចាំឆ្នាំ២០២២ ដែលរៀបចំឡើងដោយក្រុមហ៊ុនHuawei(កម្ពុជា)។ លោក Yao Yuya ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុនHuawei(កម្ពុជា)និងសិក្ខាកាមចំនួន១២រូបផ្សេងទៀតនៃគម្រោងខាងលើនេះមានវត្តមានក្នុងពិធីបញ្ចប់ការសិក្សាមួយនេះ។
លោកឯកអគ្គរដ្ឋទូតចិន មានប្រសាសន៍ថា ចិននិងកម្ពុជា គឺជាមិត្តដែកថែបនិងជាសហគមន៍វាសនារួមគ្នា។ ភាគីទាំងពីរកំពុងលើកកម្ពស់កិច្ចសហប្រតិបត្តិការបណ្ដាវិស័យឱ្យកាន់តែស៊ីជម្រៅ បច្ចេកវិទ្យាឌីជីថលគឺជាផ្នែកមួយដ៏សំខាន់។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Huawei(កម្ពុជា)ដែលបានចាក់ឫសគល់នៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ បានរួមចំណែកយ៉ាងលេចធ្លោក្នុងការជំរុញអភិវឌ្ឍវិស័យព័ត៌មាននិងទូរគមនាគមន៍ក្នុងស្រុកនិងរួមជាកម្លាំងសម្រាប់កំណើនសេដ្ឋកិច្ច។ លោកបានសំណូមពរដល់សិក្ខាកាមនៃគម្រោងខាងលើធ្វើជាគ្រាប់ពូជនៃចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ចូលរួមជាកម្លាំងក្នុងការកសាងសហគមន៍វាសនារួមរវាងប្រទេសទាំងពីរ។
លោករដ្ឋមន្ត្រីមានប្រសាសន៍ថា បច្ចេកវិទ្យាឌីជីថលបានក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងផលិតកម្មជីវភាព បានបង្ហាញតួនាទីយ៉ាងសំខាន់និងលេចធ្លោក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច។ ភាគីកម្ពុជាសង្ឃឹមថាបន្តសហការយ៉ាងស៊ីជម្រៅជាមួយភាគីចិនក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាឌីជីថល ហើយសង្ឃឹមថាក្រុមហ៊ុនHuaweiនឹងបន្តអនុវត្តគម្រោង«គ្រាប់ពូជសម្រាប់អនាគត» រួមចំណែកកាន់តែធំធេងក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថល។
លោក Yao Yuya បានលើកឡើងថា ក្រុមហ៊ុនHuawei(កម្ពុជា)បន្តរួមជាកម្លាំងក្នុងការជំរុញអភិវឌ្ឍវិស័យព័ត៌មាននិងទូរគមនាគមន៍នៅកម្ពុជា ផ្តល់ជាការគាំទ្រផ្នែកបច្ចេកទេសដ៏ល្អសម្រាប់ក្រុមហ៊ុនដែលចាប់ផ្តើមអាជីវកម្មជាង២០០កន្លែងនៅកម្ពុជា។ គម្រោង«គ្រាប់ពូជសម្រាប់អនាគត»មិនត្រឹមតែជួយសិស្សានុសិស្សសិក្សាពីបច្ចេកវិទ្យាប៉ុណ្ណោះទេ ថែមទាំងជួយឱ្យពួកគេអាចសិក្សាពីចំណេះដឹងសេដ្ឋកិច្ចផងដែរ ក្នុងគោលបំណងបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកព័ត៌មានបច្ចេកវិទ្យាឱ្យកាន់តែច្រើនសម្រាប់កម្ពុជា។ ក្រុមហ៊ុនHuawei(កម្ពុជា)រីករាយសហការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានអប់រំពាក់ព័ន្ធនៅកម្ពុជា ដើម្បីផ្តល់ជាឱកាសសិក្សាកាន់តែច្រើនដល់យុវជនឆ្នើមនៃកម្ពុជា៕
ដោយ : សិលា