ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងចម្រុះរបស់ខណ្ឌរដ្ឋបាលជលផល​ខេត្តកំពង់ធំ សហការជាមួយក្រុមការងារទទួលខុសត្រូវទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ឃុំពាមបាង​ ស្រុកស្ទោង បានយ៉ាងល្អគួរកត់សំគាល់

ចែករំលែក៖

ខេត្តកំពង់ធំ ៖ កម្លាំងចម្រុះរបស់ទីបញ្ជាការឃុំពាមបាងនៅក្នុងរដូវបិទនេសាទឆ្នាំ២០២២នេះ តែងតែអនុវត្តសកម្មភាពទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅក្នុងដែនសមត្ថិកិច្ចរបស់ខ្លួនដូចភ្លៀងរលឹម មិនតែប៉ុណ្ណោះថែមទាំងធ្វើការផ្សព្វផ្សាយអំពីឧបករណ៍នេសាទ ក៏ដូចជាច្បាប់ស្តីពីជលផលជាច្រើនលើកច្រើនសារមកហើយដែរ ក្នុងនោះក៏មានការអប់រំណែនាំ និងធ្វើកិច្ចសន្យាដល់ប្រជានេសាទដែលបានប្រព្រឹត្តបទល្មើស ជលផលផ្ទុយពីច្បាប់ស្តីពីជលផលបានយ៉ាងច្រើនករណីផងដែរ។

       ជាក់ស្ដែងនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងខណ្ឌរដ្ឋបាលជលផលបានសហការជាមួយក្រុមការងារចម្រុះដឹកនាំដោយលោក គង់ សុភាព មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ និងជាប្រធានក្រុមការងារបានដឹកនាំកំលាំងចម្រុះចុះទប់ស្កាត់និងបង្រ្កាបបទល្មើសជលផលសហការជាមួយក្រុមការងារថ្នាក់ជាតិដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សាន ប៊ុន ធឿន កងរាជអាវុធហត្ថលើផ្ទៃប្រទេសមានគ្នាសរុបចំនួន១០នាក់ មធ្យោបាយធ្វើដំណើរដោយកាណូតតូចធំចំនួន៣គ្រឿងប្រើប្រាស់ប្រេងសាំងអស់ចំនួន៧០លីត្រ។​

      ប្រតិបត្តការចុះបង្ក្រាបបទល្មើសនេសាទខាងលើនេះ ប្រព្រឹត្តនៅត្រង់ចំណុចចាប់ពីភូមិបាឡតរហូតដល់ភូមិពាមបាងឃុំពាមបាងស្រុកស្ទោងខេត្តកំពង់ធំ បានរុះរើកាប់បំផ្លាញចោលវត្ថុតាង ឧបករណ៍នេសាទរបាំងសាច់អួនខុសច្បាប់នៅនឹងកន្លែងរួមមាន៖លទ្ធផលអនុវត្តបាន(០១ករណី) របាំងសាច់អួនចំនួន១២របាំងប្រវែង ៣៦០០ម៉ែត្រ លូសាច់អួនចំនួន២៤មាត់ ឡុកសាច់អួនចំនួន១២គ្រឿង កាប់បំផ្លាញបង្គោលឈើចំនួន ៣០០០ ដើម និងចាក់លែងត្រីចម្រុះចូលបឹងធម្មជាតិវិញចំនួន ១៥០ គីឡូក្រាម។

     លោក ចាយ គង់ម៉េង នាយរងខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានបង្ហាញទីតាំងជាច្រើនកន្លែង ចំពោះរូបភាពដែលគាត់បានយកមកផ្សាយនោះគឺ ជាកន្លែងដែលក្រុមការងាររបស់ទីបញ្ជាការស្រាលឃុំពាមបាង និងក្រុមការងារថ្នាក់ជាតិ ទើបតែធ្វើហើយ ដូច្នេះចំពោះការលើកឡើងក្នុងន័យដាក់សម្ពាធ ក៏ដូចជាបន្ទុកទទួលខុសត្រូវបែបនេះអាចមកពីគាត់មិនបានយល់ពីការងារដែលក្រុមការងារកំពុងតែអនុវត្តទើបមានការភ័ណច្រឡំ។

      លោក ចាយ គង់ម៉េង ប្រាប់បន្តទៀតថា បញ្ហាទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទ ត្រូវបានថ្នាក់លើបង្កើតក្រុមការងារដែលមានការចូលរួមគ្រប់ស្ថាប័នពាក់ពន្ធ័ក្នុងស្រុក.ខេត្ត មិនមែនមានតែស្ថាប័នជលផលជាអ្នកទទួលខុសត្រូវម្នាក់ឯងនោះទេ ៕

ដោយ៖ កែវ មន្នី


ចែករំលែក៖