ភ្នំពេញ៖ នៅព្រឹកថ្ងៃ៣០ ខែកញ្ញា ឆ្នាំ២០២២ ស្ត្រីម្នាក់ដែលជាម្ចាស់ហាងបញ្ចាំយីហោ ហុក រ៉ាស៉ីង បើកទទួលបញ្ចាំម៉ូតូខុសប្រក្រតីគ្មានឯកសារត្រឹមត្រូវត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី។
គួរបញ្ជាក់ផងដែរនៅកាលពី វេលាម៉ោង១២:០០នាទី ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ កម្លាំងអាជ្ញាធរចម្រុះដឹកនាំផ្ទាល់ដោយលោក ឃ្លាំង ហួត អភិបាលរង នៃសាលារាជធានីភ្នំពេញ និងលោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក ដោយមានការសម្របសម្រួលពីលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានចុះធ្វើការឆែកឆេរ និងត្រួតពិនិត្យទីតាំង សេវាទទួលប្រាតិភោគដោយអនុប្បទាន (ដែលមានស្លាកយីហោ ហុករ៉ាស៊ីង) ចំណុចផ្ទះលេខ៣៥បេអឺ០ ផ្លូវលេខ១៩២ ក្រុម១១ ភូមិ៤ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយបានរកឃើញម៉ូតូសរុបចំនួន៧៣គ្រឿង ក្នុងនោះមានបណ្ណសម្គាល់យានយន្តបញ្ជាក់ច្បាស់លាស់ ចំនួន ២០ គ្រឿង ចំណែកម៉ូតូចំនួន ៥៣ គ្រឿងទៀត ពុំមានឯកសារមកផ្ទៀងផ្ទាត់ត្រឹមត្រូវទេ។
ក្រោយពីធ្វើការត្រួតពិនិត្យរួច ក្រុមប្រតិបត្តិការបានសម្រេចដកហូត និងរក្សាទុកម៉ូតូចំនួន៧៣គ្រឿង នៅក្នុងទីតាំងខាងលើ ដោយប្រគល់ឲ្យឈ្មោះ ហុក ឌីណា ជាអ្នកគ្រប់គ្រងថែរក្សាទុកជាបណ្តោះអាសន្ន ដោយពុំមានការបាត់បង់ឬចល័តម៉ូតូចេញពីទីតាំងឡើយ រង់ចាំការសម្រេចជាក្រោយ និងបានឃាត់ខ្លួនឈ្មោះ តាន់ មុនីរ័ត្ន ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ទទួលបញ្ចាំ ជាអ្នកទទួលខុសត្រូវក្នុងទីតាំងខាងលើ បញ្ជូនមកការិយាល័យដើម្បីសាកសួរ។
បច្ចុប្បន្នជនសង្ស័យ កំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ៕
ដោយ ៖ រ៉ារ៉ា