ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តកំពង់ធំ បន្តចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលបង្កឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ នៅស្រុកសណ្តាន់ និងស្រុកប្រាសាទសំបូរ

ចែករំលែក៖

ខេត្ត​កំពង់​ធំ​៖​ លោក​ ងួន រតនៈ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ និងឧត្តមសេនីយ៍ទោ សោម ស៊ុន ព្រមទាំង​សហការី​ នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងដែលជន់លិចបង្កឱ្យមានផលប៉ះពាល់ដល់ហេដ្ឋារចនាសម័ន្ធ ផ្លូវថ្នល់ ផលដំណាំផ្សេងៗ និងលិចលង់ខូចខាតដំណាំស្រូវនៅភូមិជាន់លែង ឃុំ​មាន​ជ័យ​ ស្រុកសណ្តាន់ និងភូមិកំពង់ឈ្វា ឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។

អាជ្ញាធរដែនដីស្រុកសណ្តាន់ បានរាយការណ៍បញ្ជាក់ថា នៅភូមិជាន់លែង ឃុំមានជ័យ ស្រុកសណ្តាន់  ទឹកបានជន់លិចផ្លូវក្រាលកៅស៊ូកម្ពស់ពី១០សង់​ទីម៉ែត្រ​ ទៅ២០សង់​ទីម៉ែត្រ​ ដែល​មាន​ ប្រវែងប្រមាណជាង៤០០ម៉ែត្រ និងខូចខាតដំណាំស្រូវជាច្រើនហិតាផងដែរ ។​ បន្ទាប់មកលោកអភិបាលខេត្ត និង​ក្រុម​ការងារ​ ​បានបន្តអញ្ជើញទៅត្រួតពិនិត្យជំនន់ទឹកភ្លៀង នៅភូមិកំពង់ឈ្វា ឃុំគោល ស្រុកប្រាសាទសំបូរ ។ 

ជាមួយ​គ្នានោះ​ អាជ្ញាធរដែនដីស្រុកប្រាសាទសំបូរ បានរាយការណ៍ថា ទឹកបានជន់លិចផ្លូវក្រាលកៅស៊ូកម្ពស់ពី២០​ សង់​ទីម៉ែត្រ​ ទៅ៣០​ សង់​ទីម៉ែត្រ​ មាន​ប្រវែងប្រមាណជាង៨​០ម៉ែត្រ និងខូចខាត ដំណាំស្រូវ ជាច្រើនហិតាទៀតផង។

នៅក្នុងឱកាសចុះត្រួតពិនិត្យជំនន់ទឹកភ្លៀងនៅស្រុកសណ្តាន់និងស្រុកប្រាសាទសំបូរ លោក  ងួន រតនៈ បានថ្លែងនូវការសោកស្តាយចំពោះ ការខូចខាតផលដំណាំស្រូវ របស់បងប្អូនប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដែល​បាន​បង្ករការលំបាកដល់ការធ្វេីដំណេីររបស់បងប្អូន​ប្រជាជន​យើង​ ។

លោក ងួន រតនៈ ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំថែរក្សាសុខភាព និងមានការ ប្រុងប្រយ័ត្នខ្ពស់ចំពោះ កូនចៅតូចៗ ខ្លាចលង់ទឹកដោយប្រការផ្សេងៗ ដែល​អាចបណ្តាលឲ្យបាត់បង់អាយុជីវិត និងបានណែនាំឲ្យអាជ្ញាធរដែនី ត្រូវអញ្ជើញបងប្អូនប្រជាពលរដ្ឋ ដែលលិចលង់ផ្ទះសម្បែង មកកាន់ទីទួល មានសុវត្ថិភាព បណ្តោះអាសន្ន​សិន​ ទម្រាំ​ទឹក​ស្រក​ចាំ​វឹល​ត្រឡប់​ទៅ​កាន់​លំនៅឋាន​វិញ​  និង​ត្រូវ​ចាត់​ចែង​កងកម្លំាង​ការពារ​សន្តិសុខ​សុវត្ថិភាព​ ជូន​ពួកគាត់​ឲ្យ​បាល្អ៕

ដោយ​៖សហការី​


ចែករំលែក៖