ខ្សែបម្រើ Emile Smith Rowe របស់ក្លិបកាំភ្លើងធំ Arsenal បានទទួលការវះកាត់របួសក្រលៀន ហើយក្លិបសង្ឃឹមថា គាត់នឹងត្រឡប់មកហ្វឹកហាត់វិញក្នុងអំឡុងខែធ្នូចុងឆ្នាំនេះ។
កីឡាករវ័យ២២ឆ្នាំរូបនេះបានលេងជំនួសរយៈពេលខ្លីចំនួន៤ប្រកួតក្នុងរដូវកាលនេះ។ នៅក្នុងការប្រកួតចុងក្រោយនេះ ដែលជាការបរាជ័យនៅ Manchester United រូបគេបានរងនូវការរបួសយ៉ាងខ្លាំង។
ក្លិប Arsenal បានប្រកាសថា “ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ Emile Smith Rowe បានជួបប្រទះនូវភាពមិនស្រួលនៅក្នុងក្រលៀនរបស់គាត់ ដែលបានកំណត់ការហ្វឹកហាត់ និងការបង្ហាញខ្លួនក្នុងការប្រកួតរបស់គាត់” ។
ក្លិបបន្ថែមថា “បន្ទាប់ពីមានការខកចិត្តយ៉ាងខ្លាំងនៅក្នុងការប្រកួត Premier League របស់យើងជាមួយនឹងក្រុម Manchester United នៅ Old Trafford កាលពីថ្ងៃទី៤ ខែកញ្ញា ហើយបន្ទាប់ពីការពិគ្រោះ និងពិភាក្សាជាមួយអ្នកឯកទេសបន្ថែមទៀតជាមួយក្រុមគ្រូពេទ្យ Emile Smith Rowe បានទទួលការវះកាត់ សរសៃពួរដែលខូចនៅក្រលៀនរបស់គាត់”។
ជាមួយគ្នានេះ ការវះកាត់ដ៏ជោគជ័យបានកើតឡើងនៅទីក្រុងឡុងក្នុងរយៈពេលប៉ុន្មានថ្ងៃមុន ហើយកម្មវិធីស្តារនីតិសម្បទារបស់ Emile Smith Rowe កំពុងដំណើរការរួចហើយ។ ក្លិបមានក្តីសង្ឃឹមថា Emile Smith Rowe នឹងត្រលប់មកហ្វឹកហាត់ពេញលេញក្នុងខែធ្នូខាងមុខ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)