ព័ត៌មានទាន់ហេតុការណ៍៖

អុីរ៉ង់៖ មានការប៉ះទង្គិចគ្នាដោយអាវុធនៅក្នុងតំបន់Sistan-Baluchestan ស្លាប់និងរបួសជិត៤០នាក់

ចែករំលែក៖

ប្រព័ន្ធផ្សព្វផ្សាយជាតិអុីរ៉ង់បានផ្សាយថា មានមនុស្ស១៩នាក់ស្លាប់ ក្នុងនោះមានវរសេនីយ៍ឯកម្នាក់នៃកងឆ្មាំបដិវត្តន៍អ៊ិស្លាមអុីរ៉ង់ (IRGC) ត្រូវបានសម្លាប់កាលពីថ្ងៃទី៣០ ខែកញ្ញា នៅក្នុងការប្រយុទ្ធគ្នាដោយកាំភ្លើងដ៏ខ្លាំងក្លាក្នុងខេត្ត Sistan-Baluchestan ភាគអាគ្នេយ៍នៃប្រទេសអុីរ៉ង់។

បណ្តាញទូរទស្សន៍ជាតិអុីរ៉ង់បានដកស្រង់សម្តីអភិបាលខេត្ត Sistan-Baluchestan លោក Hossein Khiabani ដែលបានលើកឡើងថា មានមនុស្ស១៩នាក់ស្លាប់ និង២០នាក់រងរបួសក្នុងការប៉ះទង្គិចគ្នានោះ ។ ក្នុងចំណោមអ្នកស្លាប់ មានវរសេនីយ៍ឯកម្នាក់ គឺលោក Ali Mousavi ។

នៅពេលនេះគេមិនទាន់ដឹងថា ការប៉ះទង្គិចគ្នានោះមានជាប់ពាក់ព័ន្ធនឹងការធ្វើបាតុកម្មដែរឬទេ ក្រោយការស្លាប់ស្ត្រីជនជាតិ Kurd គឺនាង Mahsa Amini ដែលត្រូវកម្លាំងប៉ូលិសចាប់ឃុំខ្លួន ហើយស្លាប់នៅក្នុងពន្ធនាគារ។ ប្រព័ន្ធផ្សព្វផ្សាយអុីរ៉ង់បានផ្សាយថា កម្លាំងសន្តិសុខបានបាញ់តបតក្នុងពេលខ្មាន់កាំភ្លើងបាញ់ប្រហារទៅលើទីតាំងប៉ូលិសនៅក្នុងទីក្រុង Zahedan បណ្តាលឱ្យប៉ូលិសជាច្រើនរូបស្លាប់។
ខេត្ត Sistan-Baluchistan គឺជាខេត្តក្រីក្រមួយនៅជាប់ព្រំដែនអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន គឺជាតំបន់ក្តៅបំផុត ដោយកម្លាំងសន្តិសុខតែងតែប៉ះទង្គិចគ្នាជាមួយក្រុមជួញដូរគ្រឿងញៀននិងក្រុមអ៊ិស្លាមជ្រុលនិយម៕ ដោយ៖ ធីរីណា

រូបថត៖ Reuters 


ចែករំលែក៖