ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការ​រងរាជធានីភ្នំពេញ​ពីររូប ៖​ ជំរុញ​ដល់​កម្លាំង​នគរបាល​ខណ្ឌ​ទាំង​ពីរ​ត្រូវ​បង្កើន​ពង្រឹង​ស្រាវជ្រាវ​ស្វែងរក​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាព​

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ឧត្តមសេនីយ៍ទោ​ ហ៊ុន​ សុធី​ ស្នងការ​រង​ទទួល​ដឹកនាំ​បញ្ជា​ពង្រឹង​ការងារ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ និង​លោក​ឧត្តមសេនីយ៍ទោ​ ហម​ វ៉ា​ន់​ថា​ ស្នងការ​រង​ទទួល​ដឹកនាំ​បញ្ជា​ពង្រឹង​ការងារ​អធិការដ្ឋាន​នគ​រាល​ខណ្ឌ​កំ​បូល​ រាជធានី​ភ្នំពេញ​ បាន​លើក​ឡើង​នាំ​យក​នូវ​បទបញ្ជា​របស់​ លោកឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ជំរុញ​កម្លាំង​នគរបាល​ទាំង​ពីរ​ខណ្ឌ​បង្កើន​ពង្រឹង​ស្រាវជ្រាវ​ស្វែងរក​បង្ក្រាប​បទល្មើស​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​ ដែល​នៅ​បើក​លួចលាក់​ក្នុង​មូលដ្ឋាន​ឱ្យ​មាន​ប្រសិទ្ធភាព​ ខណៈ​ដែល​រាជធានី​ភ្នំពេញ​គេ​មើលឃើញ​ថា​ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ បាន​នឹង​កំពុង​បើក​យុទ្ធនាការ​ចេញ​បង្ក្រាប​បទល្មើស​ល្បែងស៊ីសង​ខុសច្បាប់​មួយ​ចំនួន​ជា​បន្តបន្ទាប់​នៅ​ទីតាំង​បើក​ល្បែង​ខុសច្បាប់​ អនុវត្ត​តាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​បាន​ដាក់​ចេញ​ ក្នុង​ការ​ពង្រឹង​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ ។​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ នៅព្រឹកថ្ងៃ​សៅរ៍​ទី​០១​ ខែតុលា​ ឆ្នាំ​២០២២។ 

​ការ​ថ្លែង​ជំរុញ​ការ​បង្ក្រាប​បទល្មើស​ល្បែងស៊ីសង​ខុសច្បាប់​ បាន​ធ្វើ​ឡើង​កាលពីថ្ងៃ​ទី​៣០​ ខែកញ្ញា​ម្សិលមិញនេះ​​ នៅ​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​ តែងតាំង​មុខ​តំណែង​ បំពាក់​ឋានន្តរស័ក្តិ​ និង​ប្រគល់​ប័ណ្ណសរសើរ​ លិខិត​សរសើរ​ ជូន​ដល់​មន្ត្រី​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ និង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំ​បូល​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ដែល​មាន​វត្តមាន​ចូលរួម​ពី​លោកនាយ​ការិយាល័យ​ជំនាញ​ លោក​អធិការ​ លោក​លោកស្រី​អធិការរង​ លោកនាយ​ផ្នែក​ លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​នៅ​តាម​បណ្តា​សង្កាត់​នានា​ក្នុង​ខណ្ឌ​ទាំង​ពីរ​ និង​មន្ត្រី​នគរបាល​ពាក់ព័ន្ធ​។​

​លោក​ឧត្តមសេនីយ៍ទោ​ ហ៊ុន​ សុធី​ និង​លោក​ឧត្តមសេនីយ៍ទោ​ ហម​ វ៉ា​ន់​ថា​ ក៏​បាន​លើក​ឡើង​ទៀត​ថា​ ការ​ចុះ​បង្ក្រាប​បទល្មើស​ល្បែងស៊ីសង​ខុសច្បាប់​នេះ​ត្រូវធ្វើ​ជា​ប្រចាំ​ និង​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​ ដែល​មានការ​ទទួលខុសត្រូវ​ខ្ពស់​ ចៀសវាង​ការ​អនុវត្ត​ខុសឆ្គង​ការងារ​ដែល​នាំ​ឱ្យ​រង​ការ​រិះគន់​ពី​មហាជន​ ។​

​លោក​ឧត្តមសេនីយ៍​ស្នងការ​រង​ទាំង​ពីរ​រូប​ បាន​លើក​ឡើង​ទៀត​ថា​ បទល្មើស​ល្បែងស៊ីសង​ខុសច្បាប់​នេះ​បាន​បង្ក​ឱ្យ​រង​ផល​ប៉ះពាល់​អំពើ​អសន្តិសុខ​សង្គម​ ដែល​នាំ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ នៅ​ពេល​ថ្មីៗ​នេះ​បាន​ដាក់​បទបញ្ជា​ឱ្យ​អាជ្ញាធរ​រាជធានី​ ខេត្ត​ត្រូវ​តែ​បង្ក្រាប​បទល្មើស​ល្បែងស៊ីសង​ខុសច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាព​បំផុត​ និង​ការ​អនុវត្ត​វិធានការ​ច្បាប់​ ។​

​លោក​ឧត្តមសេនីយ៍ទោ​ ហ៊ុន​ សុធី​ និង​លោក​ឧត្តមសេនីយ៍ទោ​ ហម​ វ៉ា​ន់​ថា​ ក៏​បាន​លើក​ឡើង​ណែនាំ​ដល់​មន្ត្រី​នគរបាល​ទាំង​ពីរ​ខណ្ឌ​គឺ​បន្ត​យកចិត្ត​ទូក​ដាក់​អនុវត្ត​វិធានការ​បង្ការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ឆក់​ លួច​ ក្មេង​ទំនើង​និង​បទល្មើស​គ្រឿងញៀន​ឱ្យ​មាន​ប្រសិទ្ធភាព​ ដើម្បី​ធានា​ឱ្យ​បានការ​ការពារ​សន្តិសុខ​ នាំ​មក​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ និង​ការ​ជំរុញ​ការ​ផ្តល់​សេវា​រដ្ឋបាល​ជូន​ដល់​ប្រជាពលរដ្ឋ​ឱ្យ​បាន​លឿន​ឆាប់រហ័ស​និង​ការងារ​គ្រប់គ្រង​ការ​ស្នាក់​នៅ​របស់​ប្រជាពលរដ្ឋ​ និង​ជនបរទេស​ឱ្យ​បាន​ម៉ឺងម៉ាត់​ ៕

ដោយ​៖សហការី​


ចែករំលែក៖