ព័ត៌មានទាន់ហេតុការណ៍៖

លោក​សន្តិ​បណ្ឌិត សុខ ផល ៖​ សមត្ថកិច្ច​នៅ​ទូទាំងប្រទេស បាន​បង្ក្រាបទីតាំង​ល្បែងស៊ីសងខុសច្បាប់​គ្រប់​ប្រភេទ​ប្រមាណ​ជាង ៩.០០០ ទីតាំង និង​ឃាត់មនុស្ស​ជាង ១​ម៉ឺន ៣​ពាន់​នាក់

ចែករំលែក៖

ភ្នំពេញ​៖​ លោក​សន្តិ​បណ្ឌិត សុខ ផល ប្រធាន​ក្រុមការងារ​បង្ក្រាប​ការលេង​ល្បែងស៊ីសង ខុសច្បាប់​គ្រប់​ប្រភេទ បាន​ឱ្យដឹង នៅ​ល្ងាច​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២២នេះ​ថា៖​ កម្លាំង​សមត្ថកិច្ច​នៅ​ទូទាំងប្រទេសកម្ពុជា ​ចុះបង្ក្រាបទីតាំង​ល្បែងស៊ីសងខុសច្បាប់​គ្រប់​ប្រភេទទាំង២៥ រាជធានី-ខេត្ត ​បានប្រមាណ​ជាង ៩ពាន់ទីតាំង និង​ឃាត់ខ្លួន​មនុស្ស​ជាង ១​ម៉ឺន ៣​ពាន់​នាក់ ក្នុងនោះមាន មួយចំនួនធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា និង​មួយចំនួនទៀត ក៏បានចាត់វិធានការ​ច្បាប់ដោយ​បញ្ជូនទៅ​តុលាការដើម្បី​ចាត់ការតាម​នីតិវិធី​;​ នេះបេី​គិតត្រឹម​រយៈពេល ១៧ថ្ងៃ ចាប់ពី​ថ្ងៃទី​១៥ ខែកញ្ញា ដល់​ថ្ងៃទី១ ខែតុលា ឆ្នាំ​២០២២។

​លោក​សន្តិ​បណ្ឌិត សុខ ផល បានគូសបញ្ជាក់យ៉ាងដូច្នេះថា​៖ គិត​ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២២ម្សិលមិញនេះ​ លទ្ធផល​នៃការបង្ក្រាប​ការលេង​ល្បែងស៊ីសងខុសច្បាប់​គ្រប់​ប្រភេទនៅទូទាំងប្រទេសចំនួន ២៥ រាជធានី-ខេត្ត សមត្ថកិច្ចជំនាញ​ ចុះបង្ក្រាបបាន ៩ពាន់ទីតាំង និងឃាត់ខ្លួន​មនុស្ស​ចំនួន ១៣.០៣២ នាក់។ ក្នុងនោះស្រី​ចំនួន ៥.៥៨៩នាក់ ដោយ​ក្នុងនោះ ធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា ចំនួន ១២.៧៨៦នាក់ ក្នុងនោះ​ស្រី ៥.៤៩៤នាក់ និង​បញ្ជូនទៅ​តុលាការ ចំនួន ២៤៦នាក់ ក្នុងនោះ​ស្រី ៩៥នាក់​។​

​គួរជម្រាបថា កាល​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២២កន្លងទៅ​នេះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានចេញ​លិខិត​បង្គាប់​ការចាត់តាំង​លោក សន្តិ​បណ្ឌិត សុខ ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ដឹកនាំ​ក្រុមការងារ ដើម្បី​សហការ បង្ក្រាប​ល្បែងស៊ីសង ខុសច្បាប់​គ្រប់​ប្រភេទ ទូទាំងប្រទេស​។ លិខិត​បង្គាប់ការ​នេះ មាន ប្រសិទ្ធិភាព​អនុវត្ត​ចាប់ពី​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២២ រហូតដល់​ថ្ងៃ​បញ្ចប់​បេសកកម្ម​។

ជាមួយគ្នានោះសម្តេចតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពី​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២២ បានចេញ​សេចក្តីសម្រេច ស្តីពី​ការបង្កើត​ក្រុម ការងារ​បង្ក្រាប​ការលេង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​។​ ការចេញ​សេចក្តីសម្រេច​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​មានការ​ស្នើសុំ​ពីស​ម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។ ក្រុមការងារ​នេះ មាន​សមាសភាព ចំនួន ១១​រូប ដោយ​ក្នុងនោះ​មាន​ប្រធាន ១​រូប គឺ​លោកសន្តិ​បណ្ឌិត សុខ ផល និង​អនុប្រធាន ២​រូប គឺ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន និង​លោក នៅ លក្ខិណា រួមទាំង​សមាជិក​ចំនួន ៩​រូប​​៕

ដោយ​៖សហការី​(រូបភាព៖ ឯកសារ)


ចែករំលែក៖