ខេត្តកំពង់ស្ពឺ៖ កម្លាំងអធិការដ្ឋានស្រុកបសេដ្ឋបានចាប់ខ្លួនព្រះសង្ឃ៣អង្គ កាលពីវេលាម៉ោង ៧និង៣០នាទី ថ្ងៃទី១ ខែតុលាឆ្នាំ២០២២ ក្នុងវត្តស្វាយចារ្យ ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្រោយចេញប្លន់បានសម្រេចរួចគេចខ្លួន។
លោក ចន សុភិត អធិការនៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋបានឱ្យដឹងថា មានព្រះសង្ឃ១អង្គព្រះនាម វ៉ាត សុខវៀត ព្រះជន្ម២០ព្រះវស្សា គង់នៅវត្តធម្មមង្គល ស្ថិតក្នុងភូមិត្រពាំងផ្លុង ឃុំភារីមានជ័យស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺបានមកដាក់ពាក្យបណ្តឹងថា នៅយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ព្រះអង្គត្រូវបានជន សង្ស័យមួយក្រុមស្ទាក់ប្លន់យកទូរស័ព្ទដៃ១គ្រឿងម៉ាក iphone និងលុយខ្មែរ២ម៉ឺនរៀល ពេលដែលព្រះអង្គនិមន្តចេញពីវត្តទៅរកទិញបារី។ ព្រះសង្ឃអង្គនេះបានបញ្ជាក់ឱ្យដឹងថា ព្រះអង្គត្រូវបានពួកចោរវាយបណ្តាលឱ្យប៉ោងមុខ និងជាំភ្នែក។
លោកអធិការរូបនេះ បានឱ្យដឹងបន្ថែមថា ក្រោយទទួលបានបណ្តឹងភ្លាមៗ កម្លាំងជំនាញក៏បានបើកការស៊ីបអង្កេតឈានដល់កំណត់មុខសញ្ញាជនសង្ស័យ ហើយក៏បានឃាត់ខ្លួនមកសាកសួរ ក្នុងនោះបានឃាត់ខ្លួនព្រះ សង្ឃ៣អង្គ ១-ព្រះនាម ផុន មករា ព្រះជន្មអាយុ១៦ ព្រះវស្សា ២-ព្រះនាម ឌឿន វណ្ណដេតព្រះជន្ម១៦ព្រះ វស្សា និង ៣-ព្រះនាម រឿន ធារ៉ា ព្រះជន្ម១៤ព្រះវស្សាដែលគង់បួសរៀននៅវត្តខាងលើមកកាន់អធិការដ្ឋាន។
លោក ចន សុភិត បានឱ្យដឹងថា ក្រោមការសាកសួររបស់សមត្ថកិច្ចជំនាញ ព្រះសង្ឃទាំង៣អង្គនេះបានសារភាពថាពិតជាបានក្លែងខ្លួនដោយស្លៀកពាក់ស៊ីវិលធ្វើសកម្មភាពប្លន់ព្រះសង្ឃព្រះនាម វ៉ាត សុខវៀត នោះមែន ហើយពេលប្លន់រួចក៏វិលចូលវត្តវិញគ្រងស្បង់ធម្មតា។ ក្រោយទទួលបានចម្លើយសារភាពកម្លាំងជំនាញនៅព្រឹកថ្ងៃទី២ខែតុលាឆ្នាំ២០២២ក៏បានបញ្ជូនទៅមន្ទីរធម្មការ និងសាសនា ដើម្បីផ្សឹក ហើយបន្តនីតិវិធី៕
ដោយ៖ សូរិយា