ព័ត៌មានទាន់ហេតុការណ៍៖

ស្រុកកំពង់ស្វាយរងការខូចខាតហេដ្ឋារចនាសម័្ពន្ធជាច្រើន លិចផ្ទះចំនូនជិត៤ពាន់ខ្នងផ្ទះ និងផ្នែកកសិកម្មអស់ជិត ៧ពាន់ហិកតា

ចែករំលែក៖

ខេត្តកំពង់ធំ៖ លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២នេះបានបញ្ជាក់ថា ហេដ្ឋារចនាសម័្ពន្ធក្នុងស្រុកត្រូវបានរងការខូចខាតអស់ជាច្រើនកន្លែង រួមទាំងផលដំណាំស្រូវស្រែប្រជាពលរដ្ឋជាច្រើនហិកតា។ លើសពីនេះទៀតទឹកជំនន់នេះបានលិចលង់ផ្ទះអស់ជិត៤.០០០ខ្នងផ្ទះផងដែរ ។ 

លោកអភិបាលស្រុកកំពង់ស្វាយបានបន្តថា គិតត្រឹមថ្ងៃទី០១ ខែតុលានេះទន្និន័យស្តីពីគ្រោះមហន្តរាយតាមបណ្តាឃុំ ក្នុងស្រុកកំពង់ស្វាយរួមមាន៖ កម្ពស់ទឹក ១៣,៤៧ម៉ែត្រ ជម្លៀសប្រជាពលរដ្ឋចំនួន ២៤ខ្នងផ្ទះ, ជម្លៀសសត្វពាហនៈចំនួន ២១៣ក្បាល, ប៉ះពាល់ស្រូវចំនួន៦,៣៨១ហិកតា ខូចខាតស្រូវទាំងស្រុងចំនួន ៤,៥៤៤ហិកតា, លិចដីផ្ទះសម្បែងប្រជាពលរដ្ឋចំនូន ៣,៨៤០ខ្នងផ្ទះ, លិចផ្លូវកៅស៊ូប្រវែង៧៥០ម៉ែត្រ, លិចផ្លូវក្រួសក្រហមប្រវែង ៥,១៥០ម៉ែត្រ, លិចផ្លូវដី ៥៥៣ម៉ែត្រ និងខូចខាតស្ពាន២កន្លែងផងដែរ ។ 

លោកអភិបាលស្រុកកំពង់ស្វាយបានបន្ថែមថា ទឹកវាហក់ឆាប់ពេកក្នុងការវាយតម្លៃសន្និដ្ឋានជាតួលេខជាក់ស្ដែង ហើយការខូចខាតបណ្ដាលមកពីការហូរជន់ជោរនៃជំនន់ទឹកភ្លៀង រួមទាំងទឹកហូរមកពីខេត្តព្រះវិហារផងដែរ។ ស្ថានការណ៍នេះគឺអាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធបានចូលរួមជួយនោះគឺ រដ្ឋបាលស្រុកគ្រប់គ្រងស្ថានភាពបាន ទាំងការជួយគាត់ឱ្យមានសុវត្ថិភាព និងការផ្ដល់ស្បៀងអាហារ គឺយើងអាចគ្រប់គ្រងស្ថានភាពបានមួយកម្រិតផងដែរ ។

 លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយបានបញ្ជាក់ថា ប្រជាពលរដ្ឋនៅតាមតំបន់រងគ្រោះទាំងនោះ ជាពិសេសប្រជាពលរដ្ឋក្រីក្រនិងជនងាយរងគ្រោះរួមមានចាស់ជរា ជនពិការ និងកុមារទទួលរងផលប៉ះពាល់ផ្ទាល់ខ្លាំងជាងគេ។ ផ្ទះសម្បែង សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់និងប្រព័ន្ធគមនាគមន៍ត្រូវរអាក់រអួលក្នុងអំឡុងពេលជំនន់ទឹកភ្លៀង។ ជីវភាពរស់នៅប្រចាំថ្ងៃ ការរកចំណូលចិញ្ចឹមគ្រួសារ សុខុមាលភាពប្រជាពលរដ្ឋ ការស្វែងរកសេវាសាធារណ: សាលារៀន មន្ទីរពេទ្យ សាលាឃុំ ត្រូវបានរំខាន៕

ដោយ៖ កែវមន្នី


ចែករំលែក៖