ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកនិងវេណេហ៊្សុយអេឡា ដោះដូរអ្នកទោស

ចែករំលែក៖

មន្ត្រីអាមេរិកបានឱ្យដឹងថា វេណេហ៊្សុយអេឡា នៅថ្ងៃទី ១ខែតុលា បានសម្រេចដោះលែងអ្នកទោសអាមេរិក៧រូប ក្នុងនោះមានមន្ត្រីទទួលបន្ទុកថាមពលប្រេង៥រូបដើម្បីជាការដោះដូរនិងការដោះលែងសាច់ញាតិរបស់ប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ២រូប។
សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២ ខែតុលា ឆ្នាំ២០២២បានផ្សាយថា ការដោះដូរខាងលើនេះ រួមមានថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនប្រេង Citgo Petroleum ដែលបានជាប់ឃុំឃាំងរយៈពេលរាប់ឆ្នាំហើយ និងអតីតយុទ្ធជនកងម៉ារីន លោក Matthew Heath ព្រមទាំងពលរដ្ឋអាមេរិកម្នាក់ទៀតឈ្មោះ អូស្មាន ខាន់ (Osman Khan)។ ពួកគេទាំងនេះត្រូវបានវេណេហ៊្សុយអេឡាដោះលែងជាថ្នូរសម្រាប់ក្មួយ២នាក់របស់ភរិយាលោក ម៉ាឌូរ៉ូ ដែលត្រូវបានចាប់ខ្លួនកាលពីឆ្នាំ២០១៥។
យោងតាមការបង្ហើបឱ្យដឹងពីមន្រ្តីអាមេរិកម្នាក់ ដំណើរការដោះដូរអ្នកជាប់ឃុំឃាំងទាំងអស់នេះបានប្រព្រឹត្តទៅនៅព្រលានយន្តហោះមួយកន្លែងនៃប្រទេសទី៣ដែលពុំត្រូវបានបញ្ជាក់ឱ្យដឹងច្បាស់ឡើយ បន្ទាប់ពីមានកិច្ចចរចាជាសម្ងាត់អស់រយៈពេលជាច្រើនខែជាមួយរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ ដែលជាប់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងរបស់សហរដ្ឋអាមេរិក ក្នុងនោះរួមមានទាំងវិស័យថាមពលរបស់វេណេហ៊្សុយអេឡាផងដែរ។
នៅចំពោះមុខសម្ពាធកាន់តែកើនឡើង បច្ចុប្បន្នទីក្រុងវ៉ាស៉ីនតោនកំពុងតែប្រឹងប្រែងបន្ថែមដើម្បីស្វែងរកការផ្តល់សិទ្ធិសេរីភាពឡើងវិញឱ្យពលរដ្ឋអាមេរិករាប់សិបនាក់ដែលបានជាប់ឃុំឃាំងនៅឯក្រៅប្រទេស។ ភាគច្រើននៃការផ្តោតសំខាន់របស់រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃឌិនជុំវិញបញ្ហានេះ គឺទៅលើតារាបាល់បោះអាមេរិក នាង ប្រ៊ីតនី ហ្ក្រាញណឺ (Brittney Griner) និងពលរដ្ឋអាមេរិកម្នាក់ទៀត គឺលោក ផូល វេលែន (Paul Whelan) ដែលជាប់ឃុំនៅក្នុងប្រទេសរុស្ស៉ី៕

ដោយ៖ ធីរីណា(រូប​ថត​ ៖ Zingnews.vn)


ចែករំលែក៖