ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​ Ford Raptor បុកម៉ូតូអ្នកដឹកជញ្ជួនផ្លោងទៅប៉ះម៉ូតូមួយគ្រឿងទៀត បណ្ដាលឱ្យបុរសម្នាក់រងរបួសធ្ងន់ រួចហើយអ្នកបើកថយន្តបង្កបើករត់តែត្រូវបានប្រជាពលរដ្ឋដេញឃាត់ជាប់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាក Ford Raptor មួយគ្រឿងជ្រុលទៅបុកម៉ូតូអ្នកដឹកជញ្ជូនម្នាក់ដែលកំពុងឈប់នៅមុខហាងមួយកន្លែងចាំយកម្ហូបទៅឱ្យភ្ញៀវពីក្រោយយ៉ាងពេញទំហឹងបណ្ដាលឱ្យម៉ូតូផ្លោងទៅប៉ះម៉ូតូមួយគ្រឿងទៀតធ្វើឱ្យបុរសជាអ្នកដឹកជញ្ជូនរងរបួសធ្ងន់ កាលពីវេលាម៉ោង១១និង១០ នាទីយប់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២២ នៅតាមបណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ កែងនឹងផ្លូវលេខ២២១ ស្ថិតក្នុងសង្កាត់​ផ្សារ​ដេប៉ូ​ទី៣​ ខណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ​  រួចរថយន្តបង្កហេតុព្យាយាមបើករត់រហូតទៅដល់ចំណុចផ្លូវកម្ពុជាក្រោមទើបត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាដេញឃាត់ជាប់ប្រគល់ជូនសមត្ថកិច្ច។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសជាអ្នកដឹកជញ្ជូនម្ហូបតាមអនឡាញម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1JK-5308 ឈប់នៅលើចិញ្ចើមផ្លូវត្រង់ចំណុចមុខហាងមួយកន្លែង ដើម្បីរង់ចាំយកម្ហូបទៅឱ្យភ្ញៀវ លុះដល់ម៉ោងកើតហេតុខាងលើ ក៏ស្រាប់តែមានរថយន្តស៊េរីទំនើបម៉ាក Ford Raptor មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខកម្ពុជា T-979899បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២២១ ចេញពីច្រកវត្តនាគវ័នក្នុងទិសដៅពីជើងទៅត្បូងឆ្លងមកផ្លូវសហព័ន្ធរុស្ស៊ីបត់ឆ្វេងដៃទៅទិសខាងកើត ក៏ជ្រុលទៅបុកម៉ូតូ អ្នកដឹកជញ្ជូនពីក្រោយពេញទំហឹង បណ្ដាលឱ្យផ្លោងទៅប៉ះម៉ូតូមួយគ្រឿងទៀតម៉ាក PCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1FG-8745 ដែលកំពុងចតស្ងៀមនៅចិញ្ចើមផ្លូវធ្វើឱ្យបុរសជាអ្នកដឹកជញ្ជូនរងរបួសធ្ងន់ ចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំ។ ភ្លាមៗនោះរថយន្តបង្កមិនព្រមឈប់ទទួលខុសត្រូវនោះទេ បានព្យាយាមបើករត់រហូតទៅដល់ចំណុចផ្លូវកម្ពុជាក្រោម ត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាដេញឃាត់ជាប់រួចប្រគល់ជូនសមត្ថកិច្ច។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំអ្នកបើកបរនិងរថយន្តបង្កហេតុមកកន្លែងកើតហេតុវិញ រួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករង់ចាំធ្វើការដោះស្រាយគ្នាបន្តនៅពេលក្រោយ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖