ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មានមនុស្សម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់រវាងរថយន្តកុងតឺន័របុកជាមួយម៉ូតូសណ្ដោងរុឺម៉កដែលបើកបញ្ច្រាសទិសគ្នាបង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរនិងសមត្ថកិច្ចមកធ្វើអន្តរាគមន៍ភ្លាមៗ។
ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង១និង៥០នាទីរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២នៅលើផ្លូវជាតិលេខ៣១៤D ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៣-២៤ស្ថិតក្នុងភូមិអួរ ឃុំថ្មី ស្រុកកំពង់រោទ៍។
យោងតាមសមត្ថកិច្ចបានឱ្យដឹងថាបុរសដែលស្លាប់ជាជនជាតិវៀតណាមមានឈ្មោះង្វៀង យ៊ាំងឡុង អាយុ៤០ឆ្នាំមានទីលំនៅភូមិប្រាំ ឃុំព្រៃកខ្សាយ(ក) ស្រុកពាមរក៍ ខេត្តព្រៃវែង និងអ្នករួមដំណេីររងរបួសមានឈ្មោះគង់ លឿងភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកសិករ ជនជាតិខ្មែរ រស់ក្នុងភូមិឃុំជាមួយគ្នា។
ចំណែកអ្នកបើករថយន្តដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះជា សារ៉ាអាយុ៣២ឆ្នាំ មុខរបរបើកបររថយន្ត បច្ចុប្បន្នរស់នៅភូមិត្រពាំងឆ្លូញ ឃុំញរស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។
តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានបុរស២នាក់បានជិះម៉ូតូសណ្ដោងរុឺម៉កមួយគ្រឿងម៉ាកហុងដា C១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០គ្មានស្លាកលេខ ដោយធ្វើដំណើរពីត្បូងទៅជើង រួចក៏រេចង្កូតទៅបុករថយន្តកុងតឺន័រម៉ាកHiNO ពណ៌បៃតងលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ.៣B.១៩៨១មានសណ្តោងរឺម៉កពាក់ស្លាកលេខ វៀតណាម៥១R.១១៧-៨៧ក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។
សមត្ថកិច្ចបានបញ្ចាក់ថាមូលហេតុដោយសារតែអ្នកបើកម៉ូតូសណ្ដោងរុឺម៉ករេចង្កូតចូលទៅបុករថយន្តកុងតឺន័រ។
បច្ចុប្បន្នវត្ថុតាងសមត្ថកិច្ចបានវាស់វែងនិងអូសយករុឺម៉កម៉ូតូមករក្សាទុកនៅប៉ុស្ត៏រដ្ឋបាល ចំណែករថយន្តកុងតឺន័រអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក។
រីឯសពត្រវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រូសារយកទៅធ្វេីបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ៕
ដោយ៖ សុថាន