ការប្រជ្រៀតជាន់លើគ្នាដោយអំពើហិង្សាក្នុងពហុកីឡដ្ឋានឥណ្ឌូនេស៊ីនាយប់ថ្ងៃទី១ខែតុលា បណ្តាលឱ្យមានអ្នកស្លាប់ជិត២០០នាក់ ។ គ្រោះថ្នាក់ខាងលើធ្វើឱ្យគេនឹកឃើញដល់ការប្រជ្រៀតជាន់លើគ្នាបណ្តាលឱ្យមានអ្នកស្លាប់ច្រើនបំផុតនៅលើពិភពលោក ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ។
ការប្រជ្រៀតជាន់លើគ្នាដោយភាពចលាចលនៅក្នុងប្រទេសឥណ្ឌូនេស៊ីបណ្តាលឱ្យមានអ្នកស្លាប់កើនឡើងជិត២០០នាក់ និង រថយន្ត១០គ្រឿងត្រូវបានដុតបំផ្លាញ។
អារ៉ាប៊ី សាអូ៊ឌីត៖ នៅក្នុងខែកញ្ញាឆ្នាំ២០១៥ ក៏មានករណីប្រជ្រៀតជាន់លើគ្នានៅព្រះវិហារ Mecca ប្រទេសអារ៉ាប៊ី សាអូ៊ឌីត បណ្តាលឱ្យមានអ្នកស្លាប់ ២៤០០នាក់ ។ នោះជាការប្រជ្រៀតជាន់លើគ្នាស្លាប់ច្រើនបំផុតសម្រាប់សាសនិកធ្វើព្យុហយាត្រានៅក្នុងប្រទេសនេះ។ នៅក្នុងឆ្នាំ២០១៥ មានសាសនិកដល់ទៅជាង២លាននាក់បានទៅកាន់ព្រះវិហារដ៏ពិសិដ្ឋ ដើម្បីធ្វើព្យុហយាត្រា ។
កន្លងមកនៅឆ្នាំ១៩៩០ក៏មានការប្រជ្រៀតជាន់លើគ្នានៅព្រះវិហារ Mecca ផងដែរ ដោយមានអ្នកស្លាប់យ៉ាងតិច១៤០០នាក់ ។ នៅខែកុម្ភៈឆ្នាំ២០០៤ ក៏មានការប្រជ្រៀតជាន់លើគ្នាស្លាប់២៤៤នាក់ ។ ឆ្នាំ២០០៦មានអ្នកស្លាប់៣៤៥នាក់ ។
កម្ពុជា៖ នៅក្នុងឆ្នាំ២០១០ ក៏មានការប្រជ្រៀតជាន់លើគ្នានៅកោះពេជ្រ ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ដែរនាយប់ចុងក្រោយនៃព្រះរាជពិធីបុណ្យអំុទូក សំពះព្រះខែ នាយប់ថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០១០ បណ្តាលឱ្យមានអ្នកស្លាប់ដល់ទៅ ៣៤៥នាក់ ក្នុងនោះមានស្ត្រី ២៤០នាក់។
ឥណ្ឌា៖ នៅថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០០៨ មានករណីប្រជ្រៀតជាន់លើគ្នានៅព្រះវិហារហិណ្ឌូ ក្នុងតំបន់ Jodhpur ប្រទេសឥណ្ឌា ។ ក្នុងពេលនោះមានសាសនិកប្រមាណជាង១២ពាន់នាក់ចូលរួម ហើយការប្រជ្រៀតជាន់លើគ្នាបណ្តាលឲ្យមានអ្នកស្លាប់១៦៨នាក់។
អុីរ៉ាក់ ៖ មានអ្នកស្លាប់ដោយការប្រជ្រៀតជាន់លើគ្នាដល់ទៅ ៩៥០នាក់ និងរបួសរាប់រយនាក់ក្នុងទីក្រុងបាដាដ ប្រទេសអុីរ៉ាក់ នាថ្ងៃទី ៣១ខែសីហាឆ្នាំ២០០៥ ។ ហេតុការណ៍កើតឡើងក្នុងពេលសាសនិកធ្វើព្យុហយាត្រាឆ្លងកាត់ស្ពានមួយនៅភាគខាងជើងទីក្រុងបាដាដ ដោយពេលនោះមានមនុស្សស្រែកថាមានគ្រាប់បែកទើបបង្កឱ្យមានភាពចលាចលឈានដល់សោកនាដកម្មកើតឡើង។
ក្រៅពីនេះក៏នៅមានករណីប្រជ្រៀតជាន់លើគ្នាជាច្រើនទៀតទ្រង់ទ្រាយតូច សម្លាប់មនុស្សរាប់សិបនាក់ផងដែរ ៕
ដោយ៖ ធីរីណា(រូបថត ៖ Zingnews.vn)