ព័ត៌មានទាន់ហេតុការណ៍៖

អគ្គមេបញ្ជាការអនុញ្ញាតឱ្យគណៈប្រតិភូមហាវិទ្យាល័យបញ្ជាការសេនាធិការបង់ក្លាដេស ដែលមកទស្សនកិច្ចនៅកម្ពុជាចូលជួបសម្តែងការគួរសម

ចែករំលែក៖

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ បានអនុញ្ញាតឱ្យគណៈប្រតិភូកងទ័ពបង់ក្លាដេស ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អាប៊ុល ហាសណាត ម៉ូហាម៉ាត់ តារីក ប្រធានគ្រូហ្វឹកហ្វឺន នៃមហាវិទ្យាល័យបញ្ជាញាការសេនាធិការកងទ័ពបង់ក្លាដែស ចូលជួបសម្តែងការគួរសម។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី អាប៊ុល ហាសណាត ម៉ូហាម៉ាត់ តារីក បានលើកឡើងពីគោលបំណងការធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់ពីប្រទេសកម្ពុជា ស្ថាប័នរាជរដ្ឋាភិបាល ក៏ដូចជាស្ថាប័នកងយោធពលខេមរភូមិន្ទ។

នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូមហាវិទ្យាល័យបញ្ជាការសេនាធិការកងទ័ពបង់ក្លាដេស និងបានលើកឡើងពីសភាពការណ៍មួយចំនួននៅកម្ពុជា ក្នុងនោះវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានរំលេចពីចំណងការទូតរវាងប្រទេសទាំងពីរដែលបានភ្ជាប់ទំនាក់ទំនងតាំងពីឆ្នាំ១៩៧៣ ក្នុងនោះវិស័យកងទ័ព ប្រទេសទាំងពីរបានសហការល្អក្នុងការដោះស្រាយបញ្ហាធំៗមួយចំនួន រួមមានការផ្លាស់ប្ដូរព័ត៌មានចារកម្ម, កិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសផ្សេងៗ ធានាបានសន្តិសុខក្នុងតំបន់ និងពិភពលោក ព្រមទាំងការហ្វឹកហ្វឺន បណ្ដុះបណ្ដាលធនធានមនុស្សពីគ្នាទៅវិញទៅមកផងដែរ។

ឧត្តមសេនីយ៍ត្រី អាប៊ុល ហាសណាត ម៉ូហាម៉ាត់ តារីក បានសម្ដែងសេចក្តីរីករាយ និងកោតសរសើរ ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការដាក់ចេញវិធានការនានា ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ទទួលបានជោគជ័យ ក្នុងនោះកងយោធពលខេមរភូមិន្ទ បានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចការនេះ។

សម្រាប់កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរនាពេលអនាគត ឧត្តមសេនីយ៍ត្រី ប្រធានគណៈប្រតិភូ បានរំពឹងថានឹងកាន់តែមានភាពប្រសើរ ដោយក្រសួងការពារជាតិនៃប្រទេសទាំងពីរ គ្រោងនឹងចុះហត្ថលេខារួមគ្នាលើអនុស្សារណៈនៃការយោគយល់ទ្វេភាគីជាមួយគ្នាបន្ថែមទៀត៕

ដោយ៖ សិលា


ចែករំលែក៖