ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ៖ យើងមានភាពទន់ខ្សោយផ្នែកកីឡាក៏ដោយចុះ តែមិនត្រូវមានភាពទន់ខ្សោយសីលធម៌ផ្នែកគ្រប់គ្រងកីឡាទេ​

ចែករំលែក៖

ភ្នំពេញ៖ ថ្លែងក្នុងពិធីបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) លើកទី៤១ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា​ បានថ្លែងថា៖ ខណៈវិស័យកីឡានៅក្នុងទ្វីបអាស៊ីកំពុងទន់ខ្សោយហើយនោះ ហេតុអ្វីក្រមសីលធម៌ នៃការគ្រប់គ្រងកីឡាមានភាពទន់ខ្សោយបន្ថែមទៀត ជាក់ស្តែងដូចហេតុការណ៍ដែលបានកើតឡើងនៅក្នុងពិធីបាលទាត់មួយ នៅប្រទេសឥណ្ឌូនេស៊ី​ កាលពីពេលថ្មីៗនេះយ៉ាងដូច្នេះដែរ។​

សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា​ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ ដោយខ្វះក្រមសីលធម៌ បានណ្តាលឱ្យមានសោកនាដកម្ម ប្រើហិង្សា និងរត់ជាន់គ្នាដោយបានធ្វើឱ្យមនុស្សស្លាប់ជាច្រើននាក់។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបន្ថែមថា សម្តេចពិតជាមានការងឿងឆ្ងល់ចំពោះវិស័យកីឡានៅតំបន់ស៊ីមានភាពទន់ខ្សោយជាងទ្វីបអាមេរិកឡាទីន និងអឺរ៉ុប ជាពិសេសកីឡាបាលទាត់តែម្តង ខណៈប្រជាជននៅតំបន់អាស៊ីមានច្រើនជាងតំបន់អឺរ៉ុបទៅទៀត។

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា ខណៈវិស័យកីឡានៅតំបន់អាស៊ីយើងទាំងមូលមានភាពទន់ខ្សោយហើយនោះ ហេតុអ្វីក្រុមសីលធម៌ នៃការគ្រប់គ្រងកីឡាវាមាន ភាពទន់ខ្សោយដែរ។ ដូច្នេះសម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យប្រទេសជាសមាជិកទាំងអស់គប្បីពង្រឹង នូវក្របខណ្ឌក្រមសីលធម៌នៃការគ្រប់គ្រងកីឡានេះឲ្យល្អ ដោយជៀសវាងឲ្យបាននូវការប្រើប្រាស់អំពើហិង្សាដាក់គ្នា។ 

សូមជម្រាបថា​ កម្ពុជា​ នៅឆ្នាំ២០២៣ ខាងមុខនេះ​ ត្រូវបានផ្ដល់ការគាំទ្រធ្វើជាប្រធានក្រុមប្រឹក្សាកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ហើយនឹងរៀបចំការប្រកួតកីឡាកម្រិតអន្តរជាតិដ៏ធំនេះ នៅព្រះរាជាណាចក្រកម្ពុជា។ ការរៀបចំកីឡានេះអាចធ្វើទៅបាន ដោយសារតែកត្តាសុខសន្តិភាព និងទទួលជោគជ័យក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

សម្តេចបានជូនពរមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីនៅថ្ងៃនេះ ទទួលបានលទ្ធផលផ្លែផ្កា និងជោគជ័យផងដែរ៕

ដោយ​៖ស​ តារា​


ចែករំលែក៖