ព័ត៌មានទាន់ហេតុការណ៍៖

ចែកអំណោយដល់ប្រជាពលរដ្ឋដែល មានជីវភាពខ្វះខាត២០០គ្រួសារនៅក្នុងសង្កាត់ព្រែកថ្មី

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៤ខែតុលាឆ្នាំ២០២២ លោកចេង មុនីរ៉ាអភិបាលខណ្ឌច្បារអំពៅ រួមជាមួយព្រះគ្រូចៅអធិការវត្តកោះក្របី .វត្តថ្មី និងព្រះគ្រូសូត្រស្តាំវត្តចំពុះក្អែក បាននាំយកអំណោយជាទេយ្យទាន. ទេយ្យវត្ថុ  គ្រឿងឧបភោគ. បរិភោគ ទៅចែកជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន២០០គ្រួសារ រស់នៅក្នុងភូមិកោះក្របី  សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។

    សកម្មភាពមនុស្សធម៌នាំយកអំណោយសប្បុរសជន និងអំណោយរបស់ព្រះគ្រូចៅអធិការវត្តកោះក្របី  វត្តខេមរៈប៊ុណ្ណារាម ហៅវត្តថ្មី និងព្រះគ្រូសូត្រស្តាំវត្តចំពុះក្អែក ទៅចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតនេះ ដឹកនាំដោយ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ   លោក-លោកស្រីជាអភិបាលរងខណ្ឌ  លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ. លោកអធិការនគរបាលខណ្ឌ ព្រមទាំងមានការនិមន្តចូលរួមពីព្រះគ្រូចៅអធិការវត្តកោះក្របី. វត្តថ្មី. និងព្រះគ្រូសូត្រស្តាំវត្តចំពុះក្អែក រួមជាមួយប្រជាពលរដ្ឋជិត៣០០នាក់ ។

     មានមតិសំណេះសំណាលក្នុងពិធីនេះ លោកអភិបាលខណ្ឌបានណែនាំអោយអាជ្ញាធរសង្កាត់ព្រែកថ្មីត្រូវខិតខំបំពេញការងារបំរើប្រជាពលរដ្ឋដោយមិនប្រការវណ្ណៈ សាសនា ជាតិសាសន៍ និងនិន្នាការនយោបាយឡើយ ។

     ទី១-ជំរុញអោយមន្ត្រីក្រុមការងារត្រូវខិតខំបន្តធ្វើកិច្ចការផ្តល់សេវ៉ាសាធារណៈជូនប្រជាពលរដ្ឋអោយបានលឿន  រហ័ស  និងមានតម្លាភាព  ស្របទៅតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  អោយបានប្រសើរឡើងថែមទៀត  ដូចជាសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ធ្វើអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋដែលគ្រប់អាយុ និង ហួសកាលបរិច្ឆេទ រួមទាំងផ្តល់សេវាលើឯកសារអត្រានុកូលដ្ឋាន ។ 

    ទី២-ត្រូវរួមគ្នាខិតខំប្រឹងប្រែងអនុវត្តគោលនយោបាយភូមិសង្កាត់ មានសុវត្ថិភាព អោយមានប្រសិទ្ធភាព  ជាពិសេសត្រូវផ្សព្វផ្សាយអោយបានទូលំទូលាយ នូវខ្លឹមសារគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព  ដល់បងប្អូនប្រជាពលរដ្ឋបានយល់ដឹង និងជំរុញអោយបងប្អូនចូលរួមជាមួយអាជ្ញាធរខណ្ឌ-សង្កាត់ ដើម្បីរួមគ្នាអនុវត្តគោលនយោបាយ ភូមិ សង្កាត់មានសុវត្ថិភាព អោយទទួលបានលទ្ធផលល្អ និង ត្រូវរួមគ្នាអនុវត្តបទបញ្ជា ខ្ពង់ខ្ពស់របស់សម្តេចតេជោអោយបានម៉ឺងម៉ាត់បំផុត ក្នុងការលប់បំបាត់ល្បែងស៉ីសង ល្បែងតាមអនឡាញគ្រប់ប្រភេទ និងចុះត្រួតពិនិត្យទីតាំងទទួលបញ្ចាំគ្រប់កន្លែងទាំងអស់ នៅក្នុងមូលដ្ឋានខណ្ឌនិងសង្កាត់ ។ ការងារសន្តិសុខនេះជាកត្តាសំខាន់ណាស់ដែលមិនអាចខ្វះបាន  ហើយមនុស្សគ្រប់គ្នា  គ្រប់ស្រទាប់វណ្ណៈ មិនថាអ្នកមានឬអ្នកក្រនោះទេ គឺចង់បានមូលដ្ឋានមានសន្តិសុខល្អ  រស់នៅក្នុងភាពសុដមរម្យនា 

      ទី៣- ត្រូវរួមគ្នាខិតខំអនុវត្តនិងពង្រឹងការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈអោយបានល្អប្រសើរថែមទៀត  ដើម្បីលើកកំពស់សោភ័ណ្ឌភាពមូលដ្ឋានខណ្ឌ 

    ទី៤-ត្រូវផ្សព្វផ្សាយអោយបានទូលំទូលាយដើម្បីជំរុញអោយប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងការពារជំងឺកូវិដ-១៩ អោយបានគ្រប់គ្នាៗតាំងពីដុសមូលដ្ឋាននិងដុសជំរុញ ព្រោះជំងឺឆ្លងកូវីដ-១៩ នេះ មិនទាន់សាបរលាបទេ បងប្អូនអាចភ្លេចជំងឺកូវីដ-១៩  តែជំងឺកូវីដ-១៩ អត់ភ្លេចបងប្អូនទេ មួយផ្នែកទៀតត្រូវណែនាំអោយបងប្អូនប្រជាពលរដ្ឋអនុវត្តជាប្រចាំតាមអនុសាសន៍ខ្ពង់ខ្ពស់របស់សម្តេចតេជោគឺ  ៣កុំ  ៣ការពារ  ប្រៀបដូចជាយ័ន្តដ៍ស័ក្តិសិទ្ធបំផុតក្នុងការការពារអាយុជីវិត ជៀសផុតពីជំងឺឆ្លង ជំងឺកូវីដ-១៩ 

    ទី៥- ត្រូវខិតខំលប់បំបាត់គ្រឿងញៀន មុខសញ្ញាចោរលួច  ចោរឆក់  និងក្មេងទំនើង ដោយាក់វេនគ្នាប្រចាំការនិងចុះល្បាតក្នុងមូលដ្ឋានជាប្រចាំ ។ 

    ចំណុចចុងក្រោយលោកអភិបាលថ្លែងសង្កត់ធ្ងន់ថា ពិតជាមានមោទនភាពណាស់ដែលប្រទេសជាតិយើងទទួលបានសុខសន្តិភាព  ដោយសាតែមានសន្តិភាពនេះហើយទើបប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ  និង អាណាចក្រ ។  ចាប់ពីពេលនេះតទៅសូមបងប្អូនប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា ដើម្បីថែរក្សាសន្តិភាព  ការពារសន្តិភាព  និងអរគុណសន្តិភាព  ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើនថែមទៀត ។

     អំណោយចែកជូនប្រជាពលរដ្ឋនៅពេលនេះក្នុង១គ្រួសារទទួលបាន ៖ អង្ករ ២០ គីឡូក្រាម,ឃីត១កញ្ចប់  ត្រីខ ១យួរ, មី ៦កញ្ចប់, ទឹកត្រី ២ដប, ទឹកស៊ីអ៊ីវ ២ដប និងថវិកាមួយចំនួន ៕

ដោយ៖ សណ្តោស


ចែករំលែក៖