ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល២សប្តាហ៍ ស្រ្តី២នាក់នៅភូមិកោះប៉ោ ឃុំប៉ាក់ខ្លងសម្រាលកូនលើអូប័រ និងទូក

ចែករំលែក៖

    ខេត្តកោះកុង ៖ ក្នុងរយៈពេល២សប្តាហ៍កន្លងមកនេះ ស្រ្តី២នាក់នៅភូមិកោះប៉ោ ដែលគ្រប់ខែសម្រាលកូនបានឆ្លងទន្លេនៅលើអូប៊័រនិងទូក ដែលនៅពេលនេះកំពុងត្រូវបានប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង មន្រ្តីសុខាភិបាល និងបុគ្គលិកមន្ទីរពេទ្យយកចិត្តទុកដាក់ជាខ្លាំងដោយបានចុះសួរសុខទុក្ខ ផ្ដល់ថវិកាមួយចំនួន និងលើកលែងការបង់សេវាសម្រាកពេទ្យផងដែរ។

    ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន បានឱ្យដឹងនៅថ្ងៃទី៤ ខែតុលានេះថា ក្រុមគ្រូពេទ្យរបស់លោកបាននាំគ្នាចុះទៅជួយសង្គ្រោះស្ត្រីម្នាក់ដែលសម្រាលកូនតាមផ្លូវនៅលើអូប៊័រលើដៃសមុទ្រនាពេលអធ្រាត្រកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២២ និងស្ត្រីម្នាក់ទៀតក៏បានសម្រាលកូននៅលើកូនទូកនៅពេលគាត់កំពុងធ្វើដំណើរតាមទូក មកកាន់មន្ទីរពេទ្យ ដោយសារតែមូលហេតុមាត់ស្បូនបើកអស់នៅលើទូកកន្លងទៅថ្មីៗនេះ។

    ស្ត្រីដែលសម្រាលកូននៅលើអូប៊័រមានឈ្មោះ លឹម ម៉ាប់ អាយុ៣០ឆ្នាំ មានទីលំនៅភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។ បន្ទាប់ពីបានជួយសង្គ្រោះនៅនឹងកន្លែងរួចមក ក្រុមគ្រូពេទ្យក៏បញ្ជូនស្រ្តីជាម្តាយមកសង្គ្រោះបន្តនៅមន្ទីរពេទ្យបង្អែកខេត្ត ដោយទទួលបានជោគជ័យទាំងម្តាយនិងកូន។

    លោកវេជ្ជបណ្ឌិត ហៃ ឡៃសុនបានឱ្យដឹងទៀតថា កូនដែលសម្រាលបានមានទម្ងន់ ១៨០០ក្រាម ភេទប្រុស អាយុនៃផ្ទៃពោះ៧ខែ ដែលជាកូនលើកទី១។     

   ដោយឡែកកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ស្ត្រីម្នាក់ទៀតក៏បានសម្រាលកូននៅលើកូនទូកនៅពេលគាត់កំពុងធ្វើដំណើរតាមទូកមកកាន់មន្ទីរពេទ្យ ដោយសារតែមូលហេតុមាត់ស្បូនបើកអស់នៅលើទូក។ ស្រ្តីជាម្តាយមានឈ្មោះ តាំ គ្រីម អាយុ៣៤ឆាំ មានទីលំនៅភូមិកោះ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ដោយសម្រាលបានកូនស្រីមួយទម្ងន់ ២៥០០ក្រាម។ ក្រុមគ្រូពេទ្យបានជួយសង្រ្គោះទាំងម្តាយ និងទារកប្រកបដោយសុវត្ថិភាព ព្រមទាំងដឹកបញ្ចូនតាមរថយន្តសង្រ្គោះបន្ទាន់មកកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។

     ទាក់ទងនឹងស្រ្តីសម្រាលកូនលើទូកឬអូប័រនេះ ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុងបង្ហាញថា នៅឆ្នាំ២០២១ មិនមានករណីស្រ្តីសម្រាលកូនលើអូប័រឬទូកនោះទេ ពោលគឺទើបតែពាក់កណ្តាលឆ្នាំ២០២២នេះ។ កន្លងទៅស្រ្តីទាំង២ខាង​លើបានមកទទួលសេវាពិនិត្យផ្ទៃពោះជាប្រចាំតាមការណាត់របស់គ្រូពេទ្យ។ ប៉ុន្តែអាចមកពីចាប់អារម្មណ៍ដល់ថ្ងៃគ្រប់ខែត្រូវសម្រាល លុះដល់ពេលឈឺទើបបញ្ចូនមកកាន់មន្ទីរពេទ្យ។ 

    ដើម្បីជាការលើកទឹកចិត្តនិងចូលរួមចែករំលែកការលំបាករបស់ស្រ្តីទាំង២ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន និងមន្រ្តីសុខាភិបាលបុគ្គលិករបស់មន្ទីរពេទ្យបានចុះសួរសុខទុក្ខពួកគាត់ដោយនាំយកថវិកាមួយចំនួន និងផ្តល់ជូនការលើកលែងការបង់សេវាសម្រាកពេទ្យផងដែរ៕

ដោយ៖ សូរិយា


ចែករំលែក៖