ព័ត៌មានទាន់ហេតុការណ៍៖

កាំជ្រួចមីស៊ីលកូរ៉េខាងត្បូងធ្លាក់នៅលើដីគោក ពលរដ្ឋពេញមួយទីក្រុងភ័យស្លន់ស្លោ

ចែករំលែក៖

ពលរដ្ឋនៅក្នុងទីក្រុងឆ្នេរសមុទ្រកូរ៉េខាងត្បូង បង្ហាញពីក្តីព្រួយបារម្ភយ៉ាងខ្លាំងក្រោយពេលកាំជ្រួចមីស៊ីលមួយដើមដែលទាហានកូរ៉េខាងត្បូងបានបាញ់សាកល្បងនោះមានបញ្ហាបច្ចេកទេស ធ្លាក់នៅលើដីគោកនាថ្ងៃទី៥ខែតុលា នៅក្នុងពេលចូលរួមធ្វើសមយុទ្ធជាមួយអាមេរិក។
សារព័ត៌មាន AFP នៅថ្ងៃពុធ ទី៥ ខែតុលា ឆ្នាំ២០២២នេះបានផ្សាយថា យោធាកូរ៉េខាងត្បូងនៅថ្ងៃពុធនេះ បានសុំទោសចំពោះការណ៍ដែលខ្លួនធ្វើឱ្យប្រជាជន មានការភិតភ័យអំពីការបាញ់មីស៊ីលបរាជ័យក្នុងអំឡុងនៃការធ្វើសមយុទ្ធរួមគ្នាជាមួយសហរដ្ឋអាមេរិកដេីម្បីជាការឆ្លើយតបទៅនឹងការបាញ់មីស៊ីលផ្លោងរបស់កូរ៉េខាងជើង រំលងប្រទេសជប៉ុន។
យោធាកូរ៉េខាងត្បូងបានបញ្ជាក់ថា ក្បាលគ្រាប់មីស៊ីលហ៉ីយុនមូន ២ (Hyunmoo-2) មិនបានផ្ទុះទេ ហើយក៏មិនមានមនុស្សណាម្នាក់រងរបួសនៅក្នុងហេតុការណ៍នេះដែរ។
យោធាកូរ៉េខាងត្បូងនៅថ្ងៃទី៥ខែតុលាបានឱ្យដឹងថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានដឹកនាំការធ្វើលំហាត់សឹកបាញ់មីស៊ីលជាការឆ្លើយតបទៅនឹងការបាញ់សាកល្បងមីស៊ីលរយៈចម្ងាយមធ្យមរបស់កូរ៉េខាងជើងដែលបានហោះរំលងប្រទេសជប៉ុន កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ជាលើកដំបូងបំផុតចាប់តាំងពីឆ្នាំ២០១៧មក៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ Zingnews.vn


ចែករំលែក៖