ព័ត៌មានទាន់ហេតុការណ៍៖

នាវាផ្ទុកយន្តហោះតម្លៃ១៣ពាន់លានដុល្លាររបស់អាមេរិកបានបញ្ជូនទៅកាន់មហាសមុទ្រអាត្លង់ទិក

ចែករំលែក៖

កម្លាំងទាហានជើងទឹកអាមេរិក បានប្រកាសឱ្យដឹងថា នាវាផ្ទុកយន្តហោះ USS Gerald R. Ford (CVN 78) ជាប្រភេទថ្មីបំផុត និងទំនើបបំផុតបានដាក់ដំណើរការជាលើកដំបូងនៅឆ្នាំ ២០១៣ ពេលនេះបានបញ្ជូនទៅកាន់មហាសមុទ្រអាត្លង់ទិកហើយ។
ឧត្តមនាវីឯក Daryl Caudle មេបញ្ជាការកងនាវាចរអាមេរិកបាននិយាយថា «ក្រុមនាវាចម្បាំងដឹកនាំដោយនាវាផ្ទុកយន្តហោះ USS Gerald R. Ford (GRFCSG) នឹងត្រូវបានដាក់ពង្រាយ ដោយសហការជាមួយប្រទេសសម្ព័ន្ធមិត្ត ក្នុងការបង្ហាញពីសមត្ថភាពនៅមហាសមុទ្រអាត្លង់ទិក »។
ឧត្តមនាវីឯក Daryl Caudle បានបញ្ជាក់ទៀតថា គោលដៅនៃការដាក់ពង្រាយនាវាផ្ទុកយន្តហោះខាងលើ គឺក្នុងគោលដៅបង្កើនសមត្ថភាពរួមនៅក្នុងតំបន់សមុទ្រអាត្លង់ទិកដែលជាតំបន់មានផលប្រយោជន៍យុទ្ធសាស្ត្រធំធេង ។
សកម្មភាពខាងលើ ដោយមានការចូលរួមពីកម្លាំងទាហាន៩ពាន់នាក់ រួមជាមួយនាវាចម្បាំងការពារ ២០គ្រឿង និងយន្តហោះចម្បាំង ៦០គ្រឿងមកពី៩ប្រទេស មានដូចជា អាមេរិក កាណាដា ដាណឺម៉ាក ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ហុល្លង់ អេស្ប៉ាញ និងស៊ុយអែត។
នាវាផ្ទុកយន្តហោះ USS Gerald R. Ford (CVN-78) ជាប្រភេទនាវាផ្ទុកយន្តហោះធំបំផុតនៅលើពិភពលោក ដាក់ឈ្មោះតាមប្រធានាធិបតីទី៣៨របស់អាមេរិក Gerald Ford ។ នាវាផ្ទុកយន្តហោះនោះមានប្រវែង ៣៣៧ម៉ែត្រ ទទឹង៧៨ម៉ែត្រ កម្ពស់ ៧៦ម៉ែត្រ មានចំណុះ ១សែនតោន ។ នាវាខាងលើអាចធ្វើដំណើរក្នុងល្បឿន៥៦គីឡូម៉ែត្រក្នុងមួយម៉ោង ដើរដោយថាមពលបរមាណូ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ U.S . Navy


ចែករំលែក៖