ព័ត៌មានទាន់ហេតុការណ៍៖

សង្គហទាននៃវត្តទួលទំពូង ត្រូវបានផ្ដល់ជូនដល់រដ្ឋបាលខណ្ឌចំការមន និងសង្កាត់ចំនួន ៥ទៀត ដើម្បីចូលរួមចំណែក ក្នុងការងារសប្បុរសធម៌

ចែករំលែក៖

ភ្នំពេញ៖ សង្គហទាននៃវត្តមណិរតនារាម ហៅវត្តទួលទំពូង ត្រូវបានផ្ដល់ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន និងរដ្ឋបាលសង្កាត់ចំនួន ៥ទៀត ដើម្បីចូលរួមចំណែក ក្នុងសកម្មភាពមនុស្សធម៌ ដល់ប្រជាពលរដ្ឋដែលជួបការលំបាក និងគ្រោះមហន្តរាយផ្សេងៗ ដែលពិធីនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ ក្រោមព្រះវត្តមាននិមន្ត និងអញ្ជើញពីព្រះវិន័យវង្សា ស៊ា ប៊ុនណាត ព្រះចៅអធិការវត្តមណិរតនារាម ហៅវត្តទួលទំពូង រួមទាំងព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត និងពុទ្ធបរិស័ទ្ធ លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ រដ្ឋបាលសង្កាត់ទាំង៥ និងមន្ត្រីពាក់ព័ន្ធ ។

ព្រះវិន័យវង្សា ស៊ា ប៊ុនណាត មានសង្ឃដីកាថា សង្កហទានទាំងនេះ បានមកពីពុទ្ធបរិស័ទក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជំបិណ្ឌ ដែលទើបកន្លងផុតទៅថ្មីៗនេះ ព្រោះថា ទេយ្យទាននេះ មិនអាចទុកយូបានទេ ដូច្នេះទើបព្រះសង្ឃ អាចារ្យគណៈកម្មការវត្ត  និងពុទ្ធបរិស័ទ្ធ បានពិភាក្សាគ្នាថា យើងត្រូវតែចូលរួមចំណែកក្នុងការធ្វើសប្បុរសធម៌ដល់កាកបាទក្រហមក្នុងមូលដ្ឋាន ដោយយល់ឃើញពីទុកលំបាករបស់ប្រជាពលរដ្ឋ ដែលមានការខ្វះខាត ក៏ដូចជាជួបផលលំបាកផ្សេងៗ នៅក្នុងដំណាក់កាលនៃជំងឺកូវីដ-១៩ ។

ព្រះចៅអធិការ មានសង្ឃដីកាបន្តថា ទេយ្យទាននេះ ជាទឹកចិត្តដែលផុសឡើងពីសេចក្ដីអាណិតស្រលាញ់ដល់ប្រជាពលរដ្ឋ ដែលជួបផលលំបាក និងជាការរួមចំណែកជាមួយអាជ្ញាធរមូលដ្ឋាន ជាពិសេស រាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ពីការលំបាកជាមួយប្រជាពលរដ្ឋ ដើម្បីឱ្យប្រជាពលរដ្ឋ រស់នៅដោយភាពកក់ក្ដៅ ដូចប្រសាសន៍សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ថា មិនឱ្យពលរដ្ឋណាមួយដាច់ពោះដោយអត់អាហារនោះទេ។

លោក កៀង ល័ក្ស បានលើកឡើងថា សម្ភារៈទាំងនេះ គឺជាទឹកព្រះទ័យរបស់ព្រះសង្ឃ គណកម្មការអាចារ្យវត្ត និងពុទ្ធបរិស័ទ ដែលបានមូលមតិ ឯកភាពរៀបចំនូវសង្គហទានទាំងនេះ ប្រគល់ជូនមកអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន រួមនឹងរដ្ឋបាលសង្កាត់ចំនួន៥ទៀតនៅក្នុងមូលដ្ឋាន ដើម្បីចូលរួមជាសកម្មភាពចែកជូនដល់ប្រជាពលរដ្ឋដែលមានការខ្វះខាត ដែលនេះ គឺជាសិល្បៈនៃការចែករំលែក ឱ្យស្របនឹងវិស័យពុទ្ធចក្រ និងអាណាចក្រ តែងដើរទន្ទឹមគ្នាជានិច្ច។

លោកអភិបាលខណ្ឌ ក៏បានលើកឡើងពីកត្តាសុខសន្តិភាព ដែលធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើន ជាពិសេស ការទប់ស្កាត់ជំងឺកូវីដ-១៩ បានល្អ ដែលនាំឱ្យប្រជាពលរដ្ឋយើង មានឱកាសក្នុងការធ្វើបុណ្យទាន និងប្រកបរបរផ្សេងៗ ដើម្បីជីវភាពប្រចាំថ្ងៃ ។

លោកប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ក៏បានអំពាវនាវដល់ព្រះសង្ឃ បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន សូមមានការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩ ដោយអនុវត្តវិធានការសុខាភិបាលជាប់ជាប្រចាំ ជាពិសេស វិធានការ ៣កុំ និង ៣ការពាររបស់ប្រមុខរាជរដ្ឋាភិបាល ។

សូមជម្រាបថា សង្គហទានដែលប្រគល់ជូនអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន រួមមាន៖ អង្ករ ១តោន, មី  ៤០កេស, ទឹកក្រូច ២០កេស, ទឹកដោះគោ ៤០០កំប៉ុង, តែ៤០០កញ្ចប់, ស្ករស ៤០០គីឡូក្រាម, ទឹកសុទ្ធ ២០កេស និងថវិកាចំនួន ៤,០០០,០០០រៀល ដែលគិតសរុបជាថវិកាចំនួន ១១,០៨០,០០០រៀល ។ ដោយឡែកសង្គហទានដែលប្រគល់ជូនរដ្ឋបាលសង្កាត់ចំនួន ៥ទៀត ដែលរួមមាន៖ សង្កាត់ទួលទំពូងទី១, សង្កាត់ទួលទំពូងទី២, សង្កាត់បឹងត្របែក, សង្កាត់ផ្សារដើមថ្កូវ និងសង្កាត់ទំនប់ទឹក នៃខណ្ឌបឹងកេងកង ដោយក្នុងមួយសង្កាត់ទទួលបាន៖ អង្ករ ៥បេ, មី  ១៥កេស, ទឹកក្រូច ៥កេស, ទឹកដោះគោ ១៥០កំប៉ុង, តែ ១៥០កញ្ចប់, ស្ករស ១៥០គីឡូក្រាម, ទឹកសុទ្ធ ៥កេស និងថវិកាចំនួន ២,០០០,០០០រៀល ៕

ដោយ៖ ជីណា


ចែករំលែក៖