ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុនសែន ៖ តើអាចកើតមានសង្គ្រាមនុយក្លេអ៊ែដែរឬទេ បើមានការព្រមានជាប្រចាំថ្ងៃដូច្នេះ? ព្រួយបារម្ភអំពីព្រឹត្តិការណ៍អាក្រក់ៗដែលកំពុងតែកើតមានឡើងនៅពិភពលោកជាបន្តបន្ទាប់ !

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា  បានបង្ហាញការព្រួយបារម្ភអំពីព្រឹត្តិការណ៍អាក្រក់ៗដែលកំពុងតែកើតមានឡើងនៅពិភពលោកជាបន្តបន្ទាប់។

ក្តីបារម្ភនេះ សម្តេចតេជោ ហ៊ុនសែន បានលើកជាសំណួរថា តើអាចកើតមានសង្គ្រាមនុយក្លេអ៊ែដែរឬទេ បើមានការព្រមានជាប្រចាំថ្ងៃដូច្នេះ?

សូមបញ្ជាក់ថា, ថ្លែងនៅក្នុងពិធីបើកសន្និសីទ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២» នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជាបានមានប្រសាសន៍លើកឡើងថា៖ «ការបាញ់ម៉ីស៊ីលឆ្លងកាត់ពីកូរ៉េខាងជើង ឆ្លងកាត់ប្រទេសជប៉ុនមិនមែនជារឿងលេងសើចនោះទេ។នេះបញ្ជាក់ថា បើចង់បាញ់ទៅទីក្រុងតូក្យូ ឬបាញ់ចូលក្នុងតំបន់ណាមួយនៃប្រទេសជប៉ុន ក៏អាចបាញ់បាន ពីព្រោះឆ្លងកាត់ប្រទេសតើ»។

សម្តេចបានគូសបញ្ជាក់ថា ទង្វើរបស់ប្រទេសកូរ៉េខាងជើងនេះ គឺជាគំរាមកំហែងដល់សន្តិសុខក្នុងតំបន់។ សម្តេចបានថ្លែងថា មិនមែនគ្រាន់តែបាញ់ឆ្លងចូលក្នុងសមុទ្រ តែនេះឆ្លងកាត់ប្រទេសមួយ។

ក្រៅតែសម្តេចតេជោ ហ៊ុនសែន បារម្ភអំពីបញ្ហានេះ សម្តេចក៏មានក្តីកង្វល់អំពីបញ្ហាដែលពិភពលោកនៅតែប្រឈមនឹងការរាតត្បាតជំងឺកូវីដ-១៩ និងបញ្ហាសង្រ្គាមរុស្ស៊ី និងអ៊ុយកែ្រន ដែលធ្វើឲ្យមានការកើនឡើងនូវតម្លៃប្រេងឥន្ធនៈ និងសម្ពាធអតិផរណា។ ជាពិសេសជួបនូវបញ្ហាអាកាសធាតុ គ្រោះធម្មជាតិ។

សូមបញ្ជាក់ថា, នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ មានការប្រកាសថា កូរ៉េខាងជើងបានបាញ់មីស៊ីលរយៈចម្ងាយខ្លីពីរគ្រាប់ចូលទៅកាន់ដែនសមុទ្រភាគខាងកើតប្រទេសនេះ។ សកម្មភាពខាងលើកើតឡើងក្រោយពេលអាមេរិកនិងកូរ៉េខាងត្បូងបញ្ជូននាវាផ្ទុកយន្តហោះដើរដោយថាមពលបរមាណូទៅកាន់ដែនសមុទ្រនៅភាគខាងកើតឧបទ្វីបកូរ៉េ។

បើយោងតាមសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែតុលា ឆ្នាំ២០២២ បានផ្សាយថា យោធាកូរ៉េខាងត្បូង និងអាមេរិកចាប់បានសញ្ញាពីការធ្វើតេស្ដមីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន២គ្រាប់ចេញពីតំបន់ Samsok ស្ថិតនៅក្នុងរដ្ឋធានីព្យុងយ៉ាង ឆ្ពោះទៅកាន់តំបន់សមុទ្រខាងកើត ឬសមុទ្រជប៉ុន។ ការបាញ់សាកល្បងមីស៊ីលនេះគឺជាការធ្វើតេស្ដលើកទី៦ហើយ ក្នុងរយៈពេលមិនដល់២សប្ដាហ៍ផង ក្នុងនោះរួមមានទាំងមីស៊ីលផ្លោងរយៈចម្ងាយមធ្យមដែលកូរ៉េខាងជើងបានបាញ់រំលងប្រទេសជប៉ុន កាលពីថ្ងៃអង្គារកន្លងទៅ ៕

ដោយ : សិលា


ចែករំលែក៖