ភ្នំពេញ ៖ បើយោងតាមប្រភពពី នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជាក់អោយដឹងថា , នៅព្រឹកថ្ងៃព្រហស្បតិ៍ទី០៦ ខែតុលា ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងពិធីបើកសន្និសីទ ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២ ក្រោមមូលបទ “ការស្តារកម្ពុជាឡើងវិញ៖ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩” ក្រោមអធិបតីភាពដ៏ខ្ពងខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពី សម្តេច លោក លោកស្រី ជាថ្នាក់ដឹកនាំថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃរាជរដ្ឋាភិបាលកម្ពុជា មន្ត្រីស្ថានទូតនានា ប្រចាំកម្ពុជា ទីភ្នាក់ងារអង្គការសហប្រជាជាតិ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ ស្ថាប័នអប់រំ វិទ្យាស្ថានសិក្សាស្រាវជ្រាវ និងអង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិនៅទូទាំងប្រទេសកម្ពុជាជាច្រេីនរូបផងដែរ។ សន្និសីទ ចក្ខុវិស័យប្រទេសកម្ពុជា គឺជាវេទិកាដ៏មានសារៈសំខាន់ប្រមូលផ្តុំអ្នកជំនាញ បើកកិច្ចពិភាក្សាលើប្រធានបទនានា ពាក់ព័ន្ធបញ្ហាសេដ្ឋកិច្ច និងសង្គម ដើម្បីជាធាតុចូលសម្រាប់ដោះស្រាយបញ្ហាប្រឈម និងស្វែងរកកាលានុវត្តភាពសម្រាប់ជំរុញដល់ការអភិវឌ្ឍនៅកម្ពុជា។
នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ដើម្បីតម្រង់ទិសដៅអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញ នូវយុទ្ធសាស្ត្រចតុកោណចំនួន ៤ ដំណាក់កាល រួចមកហើយ។ នៅក្នុងគ្រប់ដំណាក់កាលនីមួយៗ រាជរដ្ឋាភិបាលតែងកំណត់ “មនុស្ស” ជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពទាំង ៤ គឺ៖ មនុស្ស ផ្លូវ ទឹក និងភ្លើង។ ជាពិសេសចាប់ពីដំណាក់កាលទី ៣ មក រាជរដ្ឋាភិបាលបានកំណត់ “មនុស្ស” ជាវិស័យអាទិភាពចម្បងបំផុត ដោយផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្ស ការបង្កើតការងារ និងការកាត់បន្ថយភាពក្រីក្រ។ ជាក់ស្តែង កម្ពុជាបានបង្កើតការងារជូនប្រជាជនរាប់ លាននាក់ ជាពិសេសក្នុងវិស័យកាត់ដេរ និងផលិតស្បែកជើង វិស័យកសិកម្ម និងវិស័យទេសចរណ៍ ដែលបានចូលរួមកាត់បន្ថយភាពក្រីក្រគួរឱ្យកត់សម្គាល់ពីអត្រា ៥៣,២% ក្នុងឆ្នាំ ២០០៤ មកត្រឹមអត្រា ១៧,៨% ប៉ុណ្ណោះក្នុងឆ្នាំ ២០២០។ ជាការពិត នៅក្នុងឆ្នាំ២០២០ ជំងឺដ៏កាចសាហាវនេះបានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានកំណើនអវិជ្ជមានក្នុងអត្រា -៣,១% ដែលជាកំណើនអវិជ្ជមានលើកដំបូងក្នុងរយៈពេលជាង២ទសវត្សរ៍ ចុងក្រោយនេះ។
ជាមួយគ្នានេះដែរ សម្តេចតេជោ បានមានប្រសាសន៍បន្ថែមថា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការអន្តរាគមន៍ផ្នែកសង្គម-សេដ្ឋកិច្ចជាបន្តបន្ទាប់ ដើម្បីរក្សាលំនឹងជីវភាពរបស់ កម្មករ-និយោជិត ក៏ដូចជាគ្រួសារក្រីក្រនិងងាយរងគ្រោះ។ ទន្ទឹមនេះ រាជរដ្ឋាភិបាលបានកៀរគរកម្លាំងសរុបរបស់ជាតិ ដើម្បីបើកយុទ្ធនាការជាតិចាក់វ៉ាក់សាំង និងបង្កើតបានភាពស៊ាំសហគមន៍ដ៏រឹងមាំមួយទូទាំងប្រទេស។ សមិទ្ធផលនេះ បានអនុញ្ញាតឱ្យកម្ពុជាបើកប្រទេសពេញលេញឡើងវិញ លើគ្រប់វិស័យតាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ប្រកបដោយសុវត្ថិភាពរហូតមកដល់ថ្ងៃនេះ និងបានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា ងើបឡើងវិញជាបណ្តើរៗប្រកបដោយភាពធន់ និងរឹងមាំ។
ដើម្បីឱ្យចក្ខុវិស័យកម្ពុជាឆ្នាំ២០២២នេះប្រព្រឹត្តទៅល្អប្រសើរ សម្តេចតេជោ ហ៊ុន សែន បានចែករំលែកនូវការគិតគូរ និងទិសដៅរបស់រាជរដ្ឋាភិបាលចំនួន៧ ដូចខាងក្រោម ៖
១-បន្ថែមពីលើការចាក់វ៉ាក់សាំង រាជរដ្ឋាភិបាល និងជំរុញការវិនិយោគលើវិស័យសុខាភិបាល ដើម្បីរៀបចំប្រព័ន្ធសុខាភិបាលមួយដ៏រឹងមាំ ដែលអាចជួយ និងការពារប្រជាជនពីជំងឺកូវីដ-១៩ ក៏ដូចជាជំងឺរាតត្បាតផ្សេងទៀត ដែលអាចកើតមានឡើងជាយថាហេតុនាពេលអនាគត។
២-ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម គឺជាការវិនិយោគ លើប្រជាជន និងការផ្តល់សន្តិសុខសេដ្ឋកិច្ចជូន ប្រជាជន ជាពិសេសគ្រួសារក្រីក្រ និងងាយរងគ្រោះ។
៣-ការអភិវឌ្ឍធនធានមនុស្ស ទាំងចំណេះនិងជំនាញ គឺជាកត្តាចាំបាច់មិនអាចខ្វះបានក្នុងការ លើកកម្ពស់ផលិតភាពសេដ្ឋកិច្ច និងការផ្លាស់ប្តូរ រចនាសម្ព័ន្ធសេដ្ឋកិច្ច ពីសេដ្ឋកិច្ចដែលពឹងផ្អែកលើកម្លាំងពលកម្ម ដែលមានជំនាញទាបឱ្យទៅជាសេដ្ឋកិច្ច ដែលពឹងផ្អែកលើជំនាញ និង បច្ចេកវិទ្យា។
៤-ថ្វីត្បិតតែសេដ្ឋកិច្ចកម្ពុជាពឹងផ្អែកខ្លាំងលើការ វិនិយោគផ្ទាល់ពីបរទេស និងការនាំចេញសហ- គ្រាសធុនតូចនិងមធ្យម គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច ដែលចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើត មុខរបរ និងការងារជូនដល់ប្រជាជនកម្ពុជា។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកំណត់យកការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ជាអាទិភាព ចម្បងមួយ តាមរយៈការផ្តល់ការគាំទ្រផ្នែក-បច្ចេកទេសនិងហិរញ្ញវត្ថុ ការកែសម្រួលបរិយាកាស ធុរកិច្ច និងការលើកទឹកចិត្តឱ្យមានការចូលរួម ក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធជាដើម។
៥-បច្ចេកវិទ្យាឌីជីថល បានបោះជំហានយ៉ាងលឿន ហើយបានក្លាយជាកាតាលីករក្នុងការជំរុញកំណើនសេដ្ឋកិច្ច។ មិនថាស្ថិតក្នុងកម្រិតអភិវឌ្ឍន៍បែបណានោះឡើយ បច្ចេកវិទ្យាឌីជីថល អាចមានសក្តានុពលខ្ពស់ និងទូលំទូលាយក្នុងការផ្តល់លទ្ធភាពឱ្យបណ្តាប្រទេស ដែលមានសេដ្ឋកិច្ចកំពុងលូតលាស់ ឬកំពុងអភិវឌ្ឍន៍ អាចចាប់យកបច្ចេកវិទ្យាថ្មីៗ និងលោតផ្លោះពីឧស្សាហកម្មប្រពៃណីទៅឧស្សាហកម្មទំនើបបានក្នុងរយៈពេលដ៏ខ្លី។ ដូចនេះ កម្ពុជាត្រូវចាប់យកឱ្យបាននូវកាលានុវត្តភាពដ៏ធំធេងនេះ តាមរយៈការជំរុញការអនុវត្តឱ្យបានល្អប្រសើរនូវ «ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ “គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២ – ២០៣៥” និងគោលនយោបាយពាក់ព័ន្ធផ្សេងទៀត។
៦-ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង និងភាពធន់ទៅនឹងអាកាសធាតុ ក៏ជាផ្នែកមួយចាំបាច់សម្រាប់ទ្រទ្រង់កិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព តាមរយៈការគាំទ្រ ការពង្រីកកិច្ចសហប្រតិបត្តិការលើការកសាងហេដ្ឋារចនាសម្ព័ន្ធបៃតង ការជំរុញការធ្វើអន្តរ-កាលថាមពល និងការប្រើប្រាស់បច្ចេកវិទ្យា-បៃតងជាដើម។
៧-កិច្ចការងារធំៗទាំងអស់នេះ ត្រូវការធនធានហិរញ្ញវត្ថុ ទាំងពីវិស័យឯកជន និង វិស័យសាធារណៈ។ ឈរលើស្មារតីនេះ ការបន្តពង្រឹងស្ថិរភាព ពិពិធកម្មវិស័យហិរញ្ញវត្ថុ ក៏ដូចជាការអភិវឌ្ឍវិស័យហិរញ្ញវត្ថុទាំងមូលប្រកប- ដោយភាពធន់ និងបរិយាបន្ន ដោយមានការចូលរួមពីវិស័យឯកជន គឺពិតជាមានសារៈ-សំខាន់។ ជាមួយគ្នានេះដែរ ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបាន ទទួលលទ្ធផលល្អប្រសើរ ដែលបានអនុញ្ញាតឱ្យរាជរដ្ឋាភិបាលបង្ហូរថវិកាកាន់តែច្រើនទៅកាន់វិស័យអាទិភាព បង្កើននូវធនធានវិនិយោគសាធារណៈ អាចសន្សំ លើកស្ទួយឯករាជ្យភាពផ្នែកថវិការបស់កម្ពុជានិងអនុវត្តគោលនយោបាយ និងវិធានការអន្តរាគមន៍ទាំងឡាយ ដើម្បីជួយប្រជាជន និងវិស័យឯកជនដែលបាននិងកំពុងបន្តទទួលរងនូវផលប៉ះពាល់ពីវិបត្តិកូវីដ-១៩។ ក្នុងន័យនេះ ការអនុវត្តដោយជោគជ័យនូវ គោលដៅធំៗរបស់កម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈនឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជានាពេលអនាគត៕
ដោយ ៖ សិលា