ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយកដ្ឋានគយ ៖ ក្រើនរំលឹកអ្នកប្រើប្រាស់រថយន្ត និងម៉ូតូ គ្មានពន្ធ ប៉ុន្តែមានស្លាកលេខ នឹងប្រឈមមុខផ្លូវច្បាប់

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ​ និងរដ្ឋាករកម្ពុជា​ បានមានប្រសាសន៍​ថា៖​ បច្ចុប្បន្ននេះអគ្គនាយកដ្ឋានគយកំពុងរឹតបន្តឹងរថយន្តនិងម៉ូតូលើការគេចពន្ធ ដើម្បីឱ្យបរិយាកាសធ្វើអាជីវកម្មមានភាពល្អប្រសើរ និងរក្សាបានចំណូល ខណៈចំពោះម៉ូតូទំនើប និងគ្មានពន្ធអាករជាកម្មវត្ថុនៃការបង្ក្រាប។ ការថ្លែងបែបនេះ​របស់​លោក​  គុណ​ ញឹម​ ក្នុងសន្និសីទសារព័ត៌មានរបស់អគ្គនាយ កដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីបង្ហាញពីលទ្ធផលនៃការងារប្រមូលពន្ធអាករ លើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេស ដែលជាការអនុញ្ញាតលើកចុងក្រោយរបស់រាជរដ្ឋាភិបាលឱ្យម្ចាស់រថយន្តចង្កូតស្តាំគ្រប់ប្រភេទបង់ពន្ធនិងអាករដោយមិនតម្រូវឱ្យកែចង្កូត​ កាលពីថ្ងៃទី​០៥​ ខែតុលា​ម្សិលមិញនេះ​។ 

លោក​ គុណ ញឹម ក៏បានក្រើនរំលឹក ដល់អ្នកប្រើប្រាស់រថយន្ត និងម៉ូតូ គ្មានពន្ធ ប៉ុន្តែមានស្លាកលេខ នឹងជួបការលំបាកនៅពេលខាងមុខ ពិសេសប្រឈមមុខទៅនឹងផ្លូវច្បាប់ ដោយទាមទារឱ្យម្ចាស់ទាំងនោះមកបំពេញឯកសារតាមផ្លូវច្បាប់ឱ្យបានត្រឹមត្រូវ។ 

លោក​ គុណ​ ញឹម​ បន្ថែមថា ក្នុង១ខែៗ អគ្គនាយកដ្ឋានគយបានបង្ក្រាបរថយន្តពិសេសម៉ូតូគ្មានពន្ធគឺមានចំនួនច្រើន ដែលរត់ពន្ធឆ្លងកាត់ព្រំដែន តាមច្រករបៀងផ្សេងៗ។ លោកបន្តថា បញ្ហានេះគឺត្រូវធ្វើជាជំហានៗ ដើម្បីឈានឱ្យមានអនុលោមភាព ក្នុងកម្រិតមួយទៀតស្របតាមការវិវត្តន៍របស់ប្រទេស ដូច្នោះការប្រើប្រាស់ឯកសារក្លែងក្លាយដូចជា ម៉ូតូមិនមានពន្ធ តែមានផ្លាកលេខ ម្ចាស់រថយន្តនិងម្ចាស់ម៉ូតូដែលប្រថុយ ក្នុងការបន្លំភ្នែកសមត្ថកិច្ច ប្រើប្រាស់របស់ក្លែងក្លាយនេះ នឹងប្រឈមចំពោះមុខច្បាប់ មិនមែនតែច្បាប់គយប៉ុណ្ណោះទេ តែប្រឈម នឹងច្បាប់ព្រហ្មទណ្ឌជាដើម។ 

លោកអគ្គនាយករូបនេះ​ បានបញ្ជាក់បន្ថែមថា​៖​ «ចំពោះការប្រើប្រាស់មុខទំនិញរថយន្ត​ និងម៉ូតូដែលគ្មានពន្ធ នៅពេលខាងមុខនឹងជួបការលំបាក ពីព្រោះវាខុសពីការទិញទូរទស្សន៍ឬការទិញម៉ាស៊ីនត្រជាក់ ពេលដែលទិញចេញពីហាងទៅដល់ក្នុងផ្ទះគឺចប់អត់មាននរណាទៅឆែកទៅដល់ក្នុងផ្ទះ ថាមានពន្ធឬអត់ ឡាននិងម៉ូតូ គឺត្រូវប្រើប្រាស់ប្រចាំ ថ្ងៃនៅតាមផ្លូវដោយមិនអាចយកទៅទុកនៅផ្ទះទេ។ អ៊ីចឹងហើយការប្រើប្រាស់រថយន្តក្តី ម៉ូតូក្តីគ្មានពន្ធ ទៅថ្ងៃមុខគឺលំបាកព្រោះយើងត្រូវអនុលោមភាពជាប់រហូត និងឈានដល់ដំណាក់កាលមួយអនុវត្តច្បាប់តឹងតែងបំផុតផងដែរ។»​ 

សូមជម្រាបជូនថា​ អគ្គនាយកដ្ឋានគយ​ និងរដ្ឋាករកម្ពុជា បានបង្ក្រាបរថយន្តគ្មានពន្ធនៅទូទាំងប្រទេស សរុប​ចំនួនប្រមាណ ៥១០គ្រឿង គិត​ត្រឹមរយៈពេល៩ខែឆ្នាំ២០២២នេះ ពោលគឺចាប់ពី ខែមករា ដល់ខែកញ្ញា​ ឆ្នាំ​២០២២៕

ដោយ​៖សហការី​


ចែករំលែក៖