ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋ New South Wales ប្រកាសអាសន្នពីគ្រោះទឹកជំនន់

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៧ ខែតុលា ឆ្នាំ២០២២នេះបានផ្សាយថា អាជ្ញាធរអូស្រ្តាលីបានព្រមានពីគ្រោះទឹកជំនន់នៅតំបន់ឆ្នេរភាគខាងកើតនៃប្រទេស បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង ។
រដ្ឋ New South Wales គឺជារដ្ឋដែលមានប្រជាជនរស់នៅច្រើនជាងគេទាំង២របស់ប្រទេសអូស្ត្រាលី កំពុងត្រៀមខ្លួនប្រឈមមុខនឹងភ្លៀងធ្លាក់ខ្លាំងនៅចុងសប្ដាហ៍នេះ ខណៈដែលអាជ្ញាធរនៅថ្ងៃទី៧ខែតុលានេះបានជំរុញឱ្យប្រជាជននៅក្នុងតំបន់ដែលអាចរងគ្រោះដោយសារទឹកជំនន់ គួរចៀសវាងការធ្វើដំណើរដែលមិនចាំបាច់។
បើតាមអាជ្ញាធរឧតុនិយមអូស្ត្រាលីបានប្រកាសថា ភ្លៀងធ្លាក់ខ្លាំងអាចនឹងកើតមាននៅរដ្ឋ New South Wales (NSW) ស្ថិតនៅភាគខាងកើត និងរដ្ឋ Victoria ស្ថិតនៅភាគខាងជើងនៃប្រទេស ដោយអាចនឹងធ្វើឱ្យកម្ពស់ទឹកភ្លៀង នៅតាមតំបន់ខ្លះឡើងដល់១០០មិលី្លម៉ែត្រ ដែលស្មើនឹងមួយភាគបួននៃកម្រិតទឹកភ្លៀង ប្រចាំឆ្នាំរបស់អូស្ត្រាលី។
តំបន់ឆ្នេរភាគខាងកើតនៃប្រទេសអូស្រ្តាលី បានរងគ្រោះដោយសារទឹកជំនន់ជាញឹកញាប់នៅក្នុងឆ្នាំនេះ ដោយកាលពីខែមីនាកន្លងទៅ ទឹកជំនន់បានបង្ខំឱ្យអាជ្ញាធរជម្លៀសប្រជាជនរាប់ម៉ឺននាក់ចាកចេញពីផ្ទះសម្បែងទៅកន្លែងមានសុវត្ថិភាព និងបានផ្ដាច់ជីវិតមនុស្សយ៉ាងហោចណាស់ក៏១៣នាក់ដែរ៕

ដោយ៖ ធីរីណា(រូប​ថត​ ៖ ​TTXVN-VNA)


ចែករំលែក៖