ខេត្តកណ្ដាល ៖ ជនត្រូវចោទម្នាក់ ត្រូវបាននគរបាលស្រុកខ្សាច់កណ្ដាលធ្វើការចាប់ខ្លួន ដោយអនុវត្តតាមដីការបស់សាលាដំបូងខេត្តកណ្ដាល ចោទពីបទជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។
នេះបើយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃសុក្រទី០៧ ខែតុលា ឆ្នាំ២០២២។
ប្រតិបត្តិការចាប់ខ្លួនខាងលើនេះធ្វើឡើង វេលាម៉ោង៧និង៣០នាទី ថ្ងៃទី៧ ខែតុលានេះ ចំណុចភូមិព្រែកថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបបានឲ្យដឹងថា ជនត្រូវចោទឈ្មោះ ចន វណ្ណនី ហៅ តែត ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅបច្ចុប្បន្ន ភូមិព្រែកថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ជននេះមានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ២៥៣/២២ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ របស់លោក អាត ច័ន្ទដារា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល ពីបទ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិ សេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ។ករណីនេះ នគរបាលជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕
ដោយ៖ អារុណរះ