ខេត្តកំពង់ធំ ៖ នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ករណីក្មេងស្រី ឈ្មោះ ចក់ កញ្ញា ភេទស្រី អាយុ១៦ឆ្នាំ រស់នៅភូមិកំពង់គោលើ ឃុំកំពង់គោ ជាសិស្សសាលាអនុវិទ្យាល័យពាមគ្រែង ពេលចេញពីរៀនវិញនៅវេលាម៉ោង១០:៣០ នាទី បាននាំគ្នាទៅលេងទឹកតាមផ្លូវដែលហូរដាច់ជាមួយមិត្តភក្កិចំនួន០៤នាក់។
ចំណែកឯសិស្ស០៣នាក់ទៀតបានបងប្អូនប្រជាពលរដ្ឋជួយសង្រ្គោះបានទាន់ពេលវេលាបានផុតពីគ្រោះលង់ទឹកនេះ។ ជាអកុសលក្មេងស្រីឈ្មោះ ចក់ កញ្ញា ត្រូវបានទឹកហូរគួច មិនអាចជួយសង្គ្រោះជីវិតបាននោះឡើយ។
តាមរបាយការណ៍របស់លោក លៀង កែវ មេប៉ុស្តិ៍ក្តីដូងបានបញ្ជាក់ថាក្មេងលង់ទឹកស្លាប់ឈ្មោះ ចក់ កញ្ញា ភេទស្រី អាយុ១៦ឆ្នាំ រស់នៅភូមិកំពង់គោលើ ឃុំកំពង់គោ ជាសិស្សសាលាអនុវិទ្យាល័យពាមគ្រែង ទីតាំងកើតហេតុសិស្សសាលាបានមកលេងទឹកតាមផ្លូវទឹកជំនន់ហូរដាច់(តំបន់កោះតាហែម) នៅភូមិអូរសំបួរ ឃុំក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
តាមការពិនិត្យសពរបស់សមត្ថកិច្ចរួចមក សង្កេតឃើញថាសពក្មេងស្រីនេះពិតជាលង់ទឹកពិតប្រាកដមែន សមត្ថកិច្ចក៏បានប្រគល់សពជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា។
សូមបញ្ជាក់ផងដែរថា សម្រាប់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសែន សូមមេត្តាប្រុងប្រយ័ត្នចំពោះក្មេងតូចៗព្រោះទឹកស្ទឹងសែនកំពុងតែឡើង ដើម្បីការពារដល់អាយុជីវិតផងដែរ ៕
ដោយ៖ កែវ មន្នី