ខេត្តពោធិ៍សាត់ ៖ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានខេត្តពោធិ៍សាត់ បន្តអំពាវនាវជូនដល់ប្រជាពលរដ្ឋបង្កើនការប្រយ័ត្នឲ្យខ្ពស់ ជាពិសេសប្រជាពលរដ្ឋរស់នៅតាមមាត់ស្ទឹងឬអូរ ខណៈទឹកស្ទឹងក្រុងពោធិ៍សាត់ហក់ឡើងហួសកម្រិតប្រកាសអាសន្នហើយនោះ ហើយភ្លៀងនៅតែកំពុងបន្តធ្លាក់ផ្នែកខាងលើ(ជួរព្រៃភ្នំ)ទឹកក៏កំពុងហូរចុះយ៉ាងគំហុគ ។
មន្ត្រីសាលាខេត្តពោធិ៍សាត់បានឲ្យដឹងនារសៀលថ្ងៃសុក្រ ១២កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែតុលាឆ្នាំ២០២២ នេះថា ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងហួសចំណុចប្រកាសអាសន្នទៅហើយ គឺ៥.៣០ម៉ែត្រ ប្រកាសអាសន្ន៥.០០ម៉ែត្រ លើសពីនេះទៀតនោះភ្លៀងនៅតែបន្តធ្លាក់កាន់តែខ្លាំងផ្នែកខាងលើ(ព្រៃភ្នំ)និងបន្តហូរចុះបន្ថែម អាចនឹងមានការលិចលង់ខ្លាំងនៅយប់នេះឬព្រឹកស្អែកនៅតំបន់ខ្លះៗ ។
មន្ត្រីដដែលបន្តទៀតថា បញ្ហាគ្រោះទឹកជំនន់នេះ មន្ត្រីស្ថាប័នជំនាញពាក់ព័ន្ធ កងកម្លាំង អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន បានត្រៀមកម្លាំងគ្រប់គោលដៅ រួមទាំងសម្ភារ ដូចជាៈ បាវ អាចម៍ដី ដីខ្សាច់ដាក់តាមគោលដៅ ដើម្បីងាយស្រួលប្រជាពលរដ្ឋជួយដោយខ្លួនឯងបានខ្លះ និងទូកកាណូតជាដើម កម្លាំងថ្នាក់ជាតិក៏បានចុះមកដល់ដែរ ដើម្បីត្រៀមចាំជួយអន្តរាគមន៍តំបន់ងាយរងគ្រោះ ៕
ដោយ៖ ប៉ឹម ពិន