ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកមីកាមិ ម៉ាសាហីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២នេះ បានចូលរួម ជាអធិបតីភាព ក្នុងពិធីដាំកូនឈើ ចំនួន៨០០០ដើម នៅក្នុងបរិវេណផ្សារទំនើប អុីអន ម៉ល មានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីបង្កើន សម្រស់ទីក្រុង ឲ្យស័កសមជាទីក្រុងបៃតង ។
លោក ឃួង ស្រេង បានសម្តែងការអបអរសាទរចំពោះវឌ្ឍនភាព នៃការសាង សង់ផ្សារទំនើបអុីអនម៉លគំរូទី៣របស់ ក្រុមហ៊ុនអុីអនម៉លខូអិលធីឌី ដែលបាន ដំណើរការជាតិប្រក្រតីនិងសម្រេចបានតាមផែនការដែលបានគ្រោងទុក ទោះបីក្រៅពីបើកការដ្ឋានសាងសង់រួច ជា ពិសេស នៅឆ្នាំ២០២១កន្លងមជួបនៅវិបត្ដិ កូវីដ.១៩ក្ដី ក៏ក្រុមហ៊ុនមួយនេះនៅតែបន្ដការងារដោយរលូនផងដែរ ។ នេះសបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ថាទោះបី ដៃម្ខាងរាជរដ្ឋាភិបាលនិងអាជ្ញាធរមូលដ្ឋានត្រូវប្រយុទ្ធនឹងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ប៉ុន្តែដៃម្ខាង ទៀតយើងបានបន្តសហការគ្នាលើគ្រប់វិស័យរួមទាំងការវិនិយោគ ផ្សេងៗ ។
សម្រាប់ក្របខណ្ឌអភិវឌ្ឍន៍រាជធានីភ្នំពេញ គណៈអភិបាលរាជធានីភ្នំពេញបានតម្រង់ទិសការអភិវឌ្ឍ ទាំងផ្នែករដ្ឋនិងផ្នែកឯកជនដោយមិនគ្រាន់តែផ្ដោតលើការអភិវឌ្ឍ ផ្នែករឹងដូចជាផ្លូវថ្នល់ស្ពានអាកាស សំណង់ បុរី អាគារពាណិជ្ជកម្ម ខុនដូ ផ្សារទំនើបនិងសំណង់អគារគ្រប់ប្រភេទប៉ុណ្ណោះទេ ប៉ុន្តែយើងក៏បានគិតគូរផងដែរពី សមត្ថភាពស្ថាប័ន ដោយយើងបានយកចិត្តទុកដាក់ចំពោះការវិវត្តន៍នៃស្ថានភាពជីវភាពរបៀបរបបនៃការរស់នៅ និងតម្រូវការសេវាសាធារណៈដែលត្រូវផ្ដល់ជូនប្រជាពលរដ្ឋ ។ អាកាសធាតុនិងបញ្ហាប្រឈមផ្នែកអនាម័យបរិស្ថាន ក្នុងទីក្រុងមានលក្ខណៈជាអន្តរវិស័យនិងជាបញ្ហាសាកល ដែលទាមទារឲ្យមានការសម្របសម្រួលនិងចូលរួមគ្នាដោះស្រាយរវាងវិស័យសាធារណៈវិស័យឯកជនប្រជាពលរដ្ឋយុវជននិងគ្រប់តួអង្គក្នុងសង្គមជាតិយើងទាំង មូល។
ការដាំដើម ឈើ ផ្កានៅពេលនេះមិនត្រឹមតែបង្ហាញឲ្យឃើញពីការផ្ដល់តម្លៃរបស់យើងចំពោះបញ្ហាបរិស្ថានក្នុងទីក្រុងនិងការផ្សារភ្ជាប់គម្រោងវិនិយោគឯកជនទៅនឹងធម្មជាតិប៉ុណ្ណោះទេ។ ប៉ុន្តែថែមទាំងបានឆ្លុះបញ្ចាំងឲ្យឃើញពីស្មារតីយកចិត្តទុកដាក់និងការចូលរួមចំណែកយ៉ាងខ្លាំងៗរវាងវិស័យសាធារណៈនិងវិស័យឯកជននិងកម្លាំងមហាជនអាកាសធាតុបង្កើតគម្រប់បៃតងក្នុងទីក្រុងនិងកែលម្អសោភ័ណភាពរាជធានីភ្នំពេញឲ្យកាន់តែស្រស់បំព្រងនិងស៊ីវិល័យបន្ថែមទៀត។ គម្រោងអភិវឌ្ឍន៍ផ្សារទំនើបរបស់ក្រុមហ៊ុន aeon mall បានយកចិត្តទុកដាក់ខ្ពស់លើការងារបរិស្ថាន ដោយ គិតមកដល់ពេលនេះ យើងដាំដើមឈើបានចំនួន២២០០០ដើម ហើយថ្ងៃនេះយើងកំពុងចូលរួមថ ដាំដើមឈើចំនួន៨ពាន់ដើមថែមទៀត។ ដើមឈើដែល យើងបានដាំកន្លងមក និងដាំរួមគ្នានៅថ្ងៃនេះនឹងក្លាយជានិមិត្តរូបនៃសាមគ្គីភាព ផ្សារភ្ជាប់យ៉ាងស្អិតរវាងវិស័យសាធារណៈវិស័យឯកជននិងកម្លាំងមហាជនក្នុងការលើកកម្ពស់អនាម័យបរិស្ថានក្នុងទីក្រុងអាកាន់តែល្អប្រសើរឡើងហើយក៏ជាចំណងសាមគ្គីភា ពនិងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅនៃទំនាក់ទំនងការទូតកម្ពុជា ជប៉ុនអោយកាន់តែមានភាពរឹងមាំថតថេរជានិរន្តរ៍។
ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាលោកមីកាមិ ម៉ាសាហីរ៉ូ បានមានប្រសាសន៍ លើកឡើងថា៖ ផ្សារទំនើប អុីអន ម៉ល មានជ័យ នឹងក្លាយជាផ្សារធំជាងគេនៅអាស៊ី ក្រោយពេលសាងសង់រួចបើកអោយដំណើរការ ហើយតាមរយៈផ្សារ ទំនើបនេះ នឹងធ្វើអោយជីវភាពប្រជា ពលរដ្ឋប្រសើរឡើង ពិសេសធ្វើអោយផ្លាស់ប្តូរសេដ្ឋកិច្ចជាតិនៃប្រទេសទាំង២ កម្ពុជា ជប៉ុន កាន់តែប្រសើរឡើង៕
ដោយ៖ សំរិត