ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័របុកម៉ូតូពេញទំហឹងកិនជាប់ពីក្រោមបណ្ដាលឱ្យបុរសម្នាក់របួសធ្ងន់

ចែករំលែក៖

    ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្តបុកកិនបណ្តាលឱ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ។ 

    ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៨និង២៥នាទីថ្ងៃទី៩ខែតុលា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ មុខវត្តអរុណវតី​ ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

    តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម C125 ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅគ្មានស្លាកលេខធ្វេីដំណេីរចេញពីផ្លូវឌឿងហែមឆ្លងមកផ្លូវជាតិលេខ៤ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តកុងតឺន័រ​ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ3E-0531 ធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនជាន់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុកម៉ូតូពីចំហៀងពេញទំហឹងបណ្ដាលឱ្យជនរងគ្រោះផ្លោងជិត២០ម៉ែត្ររងរបួសធ្ងន់ធ្ងរ។  បន្ទាប់មករថយន្តសង្គ្រោះបន្ទាន់បានមកដឹកជនរងគ្រោះយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ធ្វើការឃាត់ខ្លួនបុរសដែលជាអ្នកបើកបររថយន្ត រួចបញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោកដើម្បីធ្វើការសួរនាំនិងទុកប្រគល់ជូនសមត្ថកិច្ចជំនាញបន្ត។  

     ចំណែករថយន្តនិងម៉ូតូសមត្ថកិច្ចជំនាញបានមកធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖