ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីបញ្ចេញមេទ័ព«កំណាច»នៅក្នុងសង្គ្រាមអ៊ុយក្រែន ក្រោយរងការវាយប្រហារស្ពានគ្រីមៀ

ចែករំលែក៖

ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃទី ៨ខែតុលាបានប្រកាសបញ្ជូនមេទ័ពជើងចាស់ លោក Sergey Surovikin ដែលជាមេទ័ពដឹកនាំសង្គ្រាមនៅក្នុងប្រទេសស៊ីរីមកដឹកនាំសង្គ្រាមពិសេសនៅក្នុងប្រទេសអ៊ុយក្រែនវិញ ក្រោយពេលស្ពានគ្រីមៀដែលជាទ្រព្យសម្បត្តិសំខាន់របស់រុស្ស៊ីរងការវាយប្រហារ។
ក្រសួងការពារជាតិរុស្ស៊ីបានសម្រេចតែងតាំងមេទ័ព Sergey Surovikin ជាមេបញ្ជាការកម្លាំងទាហានរុស្ស៊ីនៅក្នុងទឹកដីអ៊ុយក្រែន។ មេទ័ពរូបនេះមានរហស្សនាមថា មេទ័ព
«Armageddon» ឬហៅថា «ថ្ងៃអវសាន» ឬមេទ័ពដៃឆៅ។
តាមប្រភពព័ត៌មានបានបញ្ជាក់ថា ការសម្រេចដាក់មេទ័ពខាងលើគឺដើម្បីបង្ហាញពីវិធីសាស្រ្តដ៏តឹងតែង និងមុឺងម៉ាត់ចំពោះប្រតិបត្តិការយោធាដោយមិនមានការរាថយ។

បើតាមប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៉ីឱ្យដឹងថា លោក Dvornikov ត្រូវបានតែងតាំងជាមេបញ្ជាការដឹកនាំសង្រ្គាមនៅអ៊ុយក្រែន តែខាងវិមានក្រឹមឡាំងមិនដែលបានប្រកាសពីការតែងតាំងនេះជាផ្លូវការឡើយ។ ដូច្នេះ នេះគឺជាលើកដំបូងបំផុតដែលក្រសួងការពារជាតិរុស្ស៉ីប្រកាសតែងតាំងមេបញ្ជាការសង្រ្គាមថ្មីជាផ្លូវការចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈមក។
លោក Surovikin មានអាយុ ៥៥ឆ្នាំ កើតនៅក្នុងតំបន់ណូវ៉ូស៊ីបឺស (Novosibirsk) នៃតំបន់ស៊ីបេរី។ លោកធ្លាប់ដឹកនាំកងកម្លាំងទ័ពអាកាសស៊ីរី និងអវកាសរុស្ស៉ី ចាប់តាំងពីឆ្នាំ២០១៧មក។ លោក Surovikin បានប្រឡូកនៅក្នុងសមរភូមិសង្រ្គាមអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ នៅក្នុងប្រទេសតាហ្ស៉ីគីស្ថាន និងតំបន់ឆេឆេនី ព្រមទាំង នៅប្រទេសស៊ីរីផងដែរ ជាទីដែល
រុស្ស៉ីធ្វើអន្តរាគមន៍យោធាជួយរដ្ឋាភិបាលរបស់លោក បាសា អាល់អាសាដ នៅឆ្នាំ២០១៥។ លោក Surovikin ត្រូវបានគេជឿជាក់ថា បានដឹកនាំប្រតិបត្តិការនៅសមរភូមិសង្រ្គាមក្នុងតំបន់ភាគខាងត្បូងប្រទេសអ៊ុយក្រែនមួយរយៈធំមកហើយ បើទោះជាមិនមានការទទួលស្គាល់ជាផ្លូវការក៏ដោយ។
មុនត្រូវបានតែងតាំងជាមេបញ្ជាការដឹកនាំការធ្វើសង្រ្គាមនៅអ៊ុយក្រែន លោក Surovikin ធ្លាប់បានកាន់តួនាទីជាច្រើននៅក្នុងជួរយោធារុស្សុី។
មិនតែប៉ុណ្ណោះ ឯកសារដដែលក៏បានឱ្យដែរថា នៅក្នុងឆ្នាំ១៩៩៥ លោក Surovikin ដែលក្រុមសិទ្ធិមនុស្សហៅថាជា «បុរសដៃឆៅ» ទទួលបានការព្យួរការអនុវត្តទោសជាប់ពាក់ព័ន្ធនឹងការជួញដូរអាវុធខុសច្បាប់ ហើយក្រោយមក ទោសរបស់លោកត្រូវបានលុបចោល។ សហភាពអឺរ៉ុបបានដាក់លោក Surovikin ទៅក្នុងបញ្ជីទណ្ឌកម្ម កាលពីថ្ងៃទី២៣ ខែកុម្ភៈ ពោលគឺមួយថ្ងៃមុនរុស្ស៉ីឈ្លានពានអ៊ុយក្រែន៕ ដោយ៖ ធីរីណា

រូប​ថត​ :​ Sputnik

រូប​ថត​ :​ TTXVN-VNA


ចែករំលែក៖