ព័ត៌មានទាន់ហេតុការណ៍៖

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ចេញប្រកាសណែនាំពីការធានានិរន្តរភាពការងារ របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជារដ្ឋមន្ត្រីស្តីទី ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ប្រកាសណែនាំពីការធានានិរន្តរភាពការងារ របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។  

រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានណែនាំថា, យោងព្រះរាជក្រឹត្យលេខ នស/រកត/១០២២/១២០៦ ចុះថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២២ និងសេចក្តី សម្រេចលេខ ៦៩ សសរ ចុះថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២២ ស្តីពីការចាត់តាំងរដ្ឋមន្ត្រីស្តីទីនៃក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ខ្ញុំសូមផ្ដល់ការណែនាំមួយចំនួនដូចខាងក្រោមៈ

១- គ្រប់អង្គភាពទាំងអស់ចំណុះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបន្តអនុវត្តតាម មុខងារ និងភារកិច្ច ដែលត្រូវបានកំណត់ដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងត្រូវថែរក្សា និងការពាររាល់ឯកសារការងារទាំងអស់ដែលស្ថិតនៅក្រោមសមត្ថកិច្ច និងការទទួលខុសត្រូវរបស់ខ្លួន ឱ្យបានត្រឹមត្រូវ ប្រកបដោយសុវត្ថិភាព តាមការកំណត់ន បទប្បញ្ញត្តិជាធរមាន ។

២- ខុទ្ទកាល័យអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវថែរក្សា និងការពារ ឯកសារទាំងអស់ឱ្យបានត្រឹមត្រូវ ដើម្បីត្រៀមផ្ទេរប្រគល់ជូនខុទ្ទកាល័យរដ្ឋមន្ត្រីថ្មី ដែល នឹងត្រូវបានតែងតាំង និងចូលកាន់ដំណែងនាពេលខាងមុខ ។ ចំពោះមុខ, ខុទ្ទកាល័យអតីត រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវប្រគល់ត្រារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជូនមកខុទ្ទកាល័យរដ្ឋមន្ត្រីស្តីទី ដែលមានទីតាំងនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីគ្រប់គ្រងជាបណ្តោះអាសន្ន ចាប់ពីពេលនេះ រហូតដល់រដ្ឋមន្រ្តីថ្មី ត្រូវបាន តែងតាំងចូលកាន់តំណែងជាផ្លូវការ ។

៣- ចំពោះរាល់ឯកសារ ឬលិខិតបទដ្ឋានគតិយុត្ត ដែលត្រូវការនូវការពិនិត្យ និងការសម្រេច របស់រដ្ឋមន្ត្រីស្តីទី, ខុទ្ទកាល័យ និងថ្នាក់ដឹកនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបញ្ជូនមកខុទ្ទកាល័យរដ្ឋមន្ត្រីស្ដីទី ដែលមានទីតាំងនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

៤- រាល់ទំនាក់ទំនងការងារ ដើម្បីសុំការពិនិត្យសម្រេចរបស់រដ្ឋមន្ត្រីស្ដីទី, សូមទាក់ទងថ្នាក់ដឹកនាំខុទ្ទកាល័យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដូចខាងក្រោមៈ |

-លោក គីម  សុភៈ រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ ទូរស័ព្ទលេខ ០៧៧ ៨៨១ ១៦៨

-លោក នុប សុធនវិចិត្រ អនុរដ្ឋលេខាធិការ និងជានាយករងខុទ្ទកាល័យ ទូរស័ព្ទលេខ ០១៧ ៧១១ ៧៨៨

-លោក បៀន សាំង ជំនួយការឧបនាយករដ្ឋមន្ត្រី ទូរស័ព្ទលេខ ០១២ ៨១៩ ៩៧៧ ៕

ដោយ : សុខ ខេមរា


ចែករំលែក៖