ខេត្តបាត់ដំបង ៖ នៅថ្ងៃទី៩ តុលា ២០២២នេះ លោក ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុងប្រវែង ១៥៩ម នៅក្នុងវត្តឧត្តមត្រៃសិក្ខារាម (ហៅវត្តកំប្រង់) ស្ថិតនៅភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង និងផ្តល់ស្បៀងជាអង្ករ១បាវ, មី១កេស, និងត្រីខ១យួរ,ជូនលោកយាយលោកតាបងប្អូនប្រជាពលរដ្ឋ មន្រ្តីរាជការ គ្រូបង្រៀន សិស្សានុសិស្ស ប្រជាការពារ និងកងទ័ពដែលកំពុងខ្វះខាតស្បៀងចំនួន ៤២៥គ្រួសារ (គិតជាថវិកាប្រមាណ $10,794) និងបានរៃអង្គាសថវិកាសម្រាប់ជួយចាក់សាបបេតុងនៅក្នុងវត្តបាន $6,700 ព្រមទាំងចែកថវិកាដល់ចាស់ជរា ស្រ្តីកូនខ្ចី ព្រះសង្ឃ ប្រជាការពារ នគរបាល ប្រមាណ $2,000 ថែមទៀត។
លោក ដួង តារា បានបញ្ជាក់ថា, កម្មវិធីព្រឹកមិញនេះមានការចូលរួមពី អភិបាលខេត្តរង ធូ ភា, លោក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥, លោកឧត្តមសេនីយត្រី កែវ សេងលន មេបញ្ជាការកងពលតូចថ្មើជើង៥៣, ប្រធានមន្ទីរធម្មការ, អភិបាលរងស្រុកកំរៀង ដែលបានប្រព្រឹត្តទៅដោយជោគជ័យ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តែងតែគាំទ្រលើកទឹកចិត្តការចែករំលែកជួយគ្នាទៅវិញទៅមក ជាពិសេសក្នុងពេលមានទុក្ខលំបាកដូចបញ្ហាជំនន់ទឹកភ្លៀងនេះជាដើម។ យើងខ្ញុំជាកូនចៅនឹងខិតខំបន្តវប្បធម៌ចែករំលែកដែលជាអំពើល្អនេះអោយកាន់តែសកម្មដើម្បីចូលរួមចំណែកជួយប្រជាពលរដ្ឋដែលកំពុងមានការខ្វះខាតស្បៀង។
លោកបន្តថា, ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ដែលបានបរិច្ចាគថវិកាចូលរួមទិញស្បៀងចែកជូនប្រជាពលរដ្ឋទាន់ពេលវេលា។ សូមបងប្អូនបន្តចូលរួមកសាងអំពើល្អជាមួយខ្ញុំជាបន្តទៀត ៕
ដោយ ៖ សហការី