ខេត្តកំពង់ឆ្នាំង ៖ លោក វរសេនីយ៍ឯក ឃូ សុផាន់ មេបញ្ជាការរង នាយសេនាធិការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានណែនាំដល់ នាយ-ពលទាហានទាំងអស់របស់អង្គភាព ត្រូវត្រៀមខ្លួនជាស្រេច និងធានាមានមុខ១០០% ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋដែលងាយទទួលរងគ្រោះដោយគ្រោះធម្មជាតិនានា ដូចជា ទឹកជំនន់ ខ្យល់កន្ត្រាក់ រន្ទះបាញ់ ជាដើម ។
លោក មេបញ្ជាការរង នាយសេនាធិការ ថ្លែងបែបនេះក្នុងពិធីផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងអប់រំចិត្តសាស្ត្រដល់យោធិន នាព្រឹកថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២ នៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ។
លោក មេបញ្ជាការរង មានប្រសាសន៍ថា កម្ពស់ទឹកទន្លេនៅតែបន្តកើនឡើងជាលំដាប់ និងខិតជិតដល់កម្ពស់ដែលត្រូវប្រកាសអាសន្នហើយ ហើយតំបន់ខ្លះបានកើតទៅជាជំនន់ តំបន់ខ្លះមានភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់ រន្ទះបាញ់ ធ្វើឲ្យគ្រោះថ្នាក់ដល់មនុស្សសត្វ ខូចខាតផ្ទះសម្បែង និងទ្រព្យសម្បត្តិផ្សេងៗ ដូច្នេះក្នុងនាមយើងជាកងទ័ព ត្រូវត្រៀមខ្លួនជានិច្ច ធានាកម្លាំង១០០% ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ ទោះបីក្នុងកាលៈទេសៈណាក៏ដោយ ។
ចុងបញ្ចប់ លោកមេបញ្ជាការរង នាយសេនាធិការ ណែនាំដល់នាយ-ពលទាហានទាំងអស់ ត្រូវថែរក្សាសុខភាពឲ្យបានល្អ ចូលរួមអនុវត្តវិធានការ ៣ការពារ ៣កុំ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩៕
ដោយ៖សហការី