ភ្នំពេញ ៖ នារីម្នាក់ជិះម៉ូតូមួយគ្រឿង បានទាក់ដៃចង្កូតជាមួយនិងគ្រឿងចក្របណ្ដាលឲ្យខ្ទៀតចូលក្រោមកង់កិនបែកក្បាលធ្លាយខួរស្លាប់មួយរំពេច បង្កការភ្ញាក់ផ្ញើលកាលពីវេលាម៉ោង៩ និង២០នាទីព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ នៅម្ដុំរង្វង់មូលព្រះនរាយណ៍ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពនារី រងគ្រោះមាន ឈ្មោះ ខុន សុផារី ភេទស្រី ជាបុគ្គលិកមន្ទីរពេទ្យបង្អែក ស្រុកស្អាង ស្នាក់នៅភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូមួយគ្រឿង ម៉ាក Zoomer.X ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AJ-3187 បើកបរដោយនារី ស្រស់ស្អាតម្នាក់ បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ទិសដៅពីត្បូងទៅជើង ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែទាក់ដៃចង្កូតម៉ូតូជាមួយនឹងគ្រឿងចក្រមួយគ្រឿង បើកបរដោយបុរសម្នាក់ ដែលកំពុងតែធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជើងស្របគ្នា បណ្តាលឱ្យដួលបោកនឹងថ្នល់ ហើយខ្ទៀតចូលក្រោមកង់គ្រឿងចក្រ កិនបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម ។ ភ្លាមៗនោះដែរ តៃកុងបង្កបើកបរគ្រឿងចក្របន្តទៅមុខប្រហែលជាង៥០០ម៉ែត្រទើបឈប់ ចុះរត់គេចខ្លួនបាត់ ដោយបន្សល់ទុកគ្រឿងចក្រមួយគ្រឿងចោល ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកដល់កន្លែងកើតហេតុ រួចបានទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយកម៉ូតូមួយគ្រឿង រួចទាំងគ្រឿងចក្រ យកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាតាមនីតិវិធី។ ចំណែកឯ សពជនរងគ្រោះ ក្រោយពេលធ្វើកំណត់ហេតុរួចរាល់ សមត្ថកិច្ចជំនាញ ក៏បានប្រគល់សពឱ្យទៅក្រុមគ្រួសារសាចញាតិ ដឹកយកទៅបុណ្យតាមប្រពៃណី៕
ដោយ៖ ភារ៉ា ដង្កោ