ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានមកទស្សនការប្រណាំងទូកនៅក្នុងខេត្តកំពង់ចាម

ចែករំលែក៖

ខេត្ត​កំពង់ចាម​៖​ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានមកទស្សនការប្រណាំងទូកនៅក្នុងខេត្តកំពង់ចាម​ នាថ្ងៃទី១០ ខែតុលា​ ឆ្នាំ​២០២២នេះ ហើយម្នាក់ៗបានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងក្រៃលែងបន្ទាប់ពីពិធីនេះបានអាក់ខានប្រារព្ធឡើងរយៈពេល៥ឆ្នាំមកហើយ ។ នេះបេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​ក្រសួង​ព័ត៌មាន​។ 

ប្រភពដដែលបន្តថា​ នេះបើ​តាមការបញ្ជាក់ពី​ប្រជាពលរដ្ឋ​ម្នាក់ឈ្មោះ ពី សុភាព ភេទប្រុស​ រស់នៅខេត្តក្រចេះ​ ដែលមកចូលរួមក្នុងពិធីប្រណាំងទូកង និងទូកខ្នាតអន្តរជាតិក្នុងខេត្តកំពង់ចាម បានឱ្យដឹងថា កាលពីប៉ុន្មានឆ្នាំមុននៅក្នុងខេត្តកំពង់ចាមតែងតែមានប្រារព្ធពិធីអ៊ុំទូកជាប្រចាំ ដែលបានបង្កភាពសប្បាយរីករាយទៅដល់ប្រជាពលរដ្ឋក្នុងខេត្ត និងនៅតាមបណ្ដាខេត្តជិតខាងផងដែរ ។

លោកបានបន្តថា បើទោះបីជាលោកជាអ្នករស់នៅក្នុងខេត្តផ្សេងក៏ពិតមែន ប៉ុន្តែលោកពិតជាមានអារម្មណ៍សប្បាយរីករាយនៅពេលដែលអាជ្ញាធរខេត្តកំពង់ចាមបានរៀបចំពិធីប្រណាំងទូកនេះឡើង ។  « ខ្ញុំមានអារម្មណ៍សប្បាយរីករាយព្រោះខ្ញុំជាអ្នកចូលចិត្តការប្រណាំងទូកម្នាក់ដែលឱ្យតែមានការប្រណាំងទូកម្ដងៗខ្ញុំតែងតែមកចូលរួមគាំទ្រណាមួយឃើញមានការរៀបចំស្អាតជាងកន្លែងផ្សេងៗជាពិសេសអាជ្ញាធរមានការរៀបចំសណ្ដាប់ធ្នាប់បានល្អប្រសើរ» ។ ក្នុងនោះលោកបានបន្តទៀតថា ចំពោះការរៀបចំហេដ្ឋារចនាសម្ពន័្ធ សួនច្បារ ការតុបតែងភ្លើងចម្រុះពណ៌នៅតាមដងផ្លូវ ការរៀបចំធុងសំរាម ការការពារសន្តិសុខ ជាដើម គឺឃើញថាមានភាពល្អប្រសើរ ។ 

លោកស្រី នី ស្រីអូន រស់នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលបានចូលរួមក្នុងកម្មវិធីនេះដែរ បានបង្ហាញអារម្មណ៍សប្បាយរីករាយ នៅពេលដែលអាជ្ញាធរខេត្តបានរៀបចំពិធីប្រណាំងទូកនៅក្នុងឆ្នាំនេះ បន្ទាប់ពីអាក់ខានជួបជុំសប្បាយរីករាយបែបនេះ អស់ជាច្រើនឆ្នាំមកហើយ ។ សំឡេង៖ « ខ្ញុំមានអារម្មណ៍សប្បាយរីករាយដែលបានមកមើលការប្រណាំងទូកង នេះដោយសារតែមានការអាក់ខានប៉ុន្មានឆ្នាំកន្លងទៅជាពិសេសគឺមានការរៀបចំតុបតែងលម្អយ៉ាងស្រស់ស្អាតដែលជាភាពទាក់ទាញ» ។ 

សូមបញ្ជាក់ថា ទូកដែលនឹងមកចូលរួមប្រណាំងនៅក្នុងខេត្តកំពង់ចាមនេះ សរុបចំនួន ៤៥ទូក ក្នុងនោះមានទូកង និងទូកខ្នាតអន្តរជាតិ ។ ពិធីអ៊ុំទូក បណ្តែតប្រទីប និងបាញ់កាំជ្រួច គឺមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ។ ដោយឡែកចំពោះកម្មវិធីតាំងពិព័រណ៍ និងការប្រគុំតន្ត្រីខ្នាតធំ បានដំណើរការពីរសៀលថ្ងៃទី៩ ខែតុលា រហូតដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ នៅតាមបណ្តោយមាត់ទន្លេក្នុងក្រុងកំពង់ចាម៕

ដោយ​៖សហការី​


ចែករំលែក៖