ខេត្តព្រះសីហនុ ៖ បេីយោងតាមប្រភពព័ត៌មានពីរដ្ឋបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃចន្ទទី១០ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្តីណែនាំ ស្តីពីការចូលរួមរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងកែលំអរសោភ័ណភាព អនាម័យបរិស្ថាន ដើម្បីត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោក។
ជាក់ស្ដែងយោងតាមលិខិតរដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា យោងលិខិតលេខ ២១៤ សជណ ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។ រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនដំណឹងដល់សាធារណៈជនជាតិ និងអន្តរជាតិទាំងអស់ ជ្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចជាគោលការណ៍កំណត់កាលបរិច្ឆេទរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រស្អាតដែលបំផុតលើពិភពលោក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ដល់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។
ក្នុងគោលបំណងដើម្បីចូលរួមរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ និងជម្រុញការកែលំអ សោភ័ណភាព និងអនាម័យបរិស្ថាន ជាពិសេសដើម្បីលើកកម្ពស់កិត្យានុភាពខេត្តព្រះសីហនុ ដែលត្រូវបាន រាជរដ្ឋាភិបាលកំណត់ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាតារារះនាទិសនិរតី។ ដូចនេះដើម្បី ចូលរួមអបអរសាទរ និងគាំទ្រដល់ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ទាំងពីរនេះ ប្រព្រឹត្តទៅប្រកបដោយកិត្តិយស និងទទួលបានជោគជ័យតាមការផែនការ រដ្ឋបាលខេត្តព្រះសីហនុ សូមធ្វើការណែនាំដូចខាងក្រោម៖
១- រដ្ឋបាលក្រុង ស្រុកទាំងអស់ ត្រូវចុះផ្សព្វផ្សាយ និងបំផុសប្រជាពលរដ្ឋគ្រប់លំនៅដ្ឋាន ម្ចាស់ដីឡូត៍ ឱ្យសំអាតអនាម័យបរិស្ថាននៅមុខទីតាំង និងលំនៅដ្ឋានរបស់ខ្លួនឱ្យបានស្អាតជាប្រចាំ។
២- ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន រង្គសាល ក្រុមហ៊ុន រោងចក្រ សហគ្រាស ធនាគារឯកជន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជន គ្រឹះស្ថានសិក្សា និងបងប្អូនប្រជាពលរដ្ឋ ត្រូវរៀបចំសំអាតអនាម័យបរិស្ថាន តុបតែងលំអបំភ្លឺភ្លើងពណ៌ និងស្នើបើកភ្លើងបំភ្លឺពីមុខផ្ទះ ទីស្នាក់ការក្រុមហ៊ុន អគារសាធារណៈ អគារឯកជន និងតាមទីតាំងអាជីវកម្មឆ្នេរខ្សាច់កម្សាន្ត ឱ្យបានព្រមៗគ្នាចាប់ពីពេលនេះតទៅ។
៣- រដ្ឋបាលក្រុង ស្រុក ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធ ម្ចាស់អាជីវកម្មតាមឆ្នេរ ក្រុមហ៊ុនប្រមូលសំរាម KSWM និងប្រជាពលរដ្ឋ ត្រូវចូលរួមសម្អាត និងថែទាំឆ្នេរឱ្យបានល្អ និងមានសោភ័ណភាព។
៤- មន្ទីរទេសចរណ៍ និងមន្ទីរព័ត៌មានខេត្ត ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីពិធីបុណ្យសមុទ្រ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោកដល់មហាជន ប្រជាជន និងអ្នក យកព័ត៌មានអំពីអត្ថន័យខ្លឹមសារ និងសកម្មភាពនៃព្រឹត្តិការណ៍ទាំងពីរខាងលើ។
៥- អាជ្ញាធរក្រុង ស្រុក ព្រមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវសហការការពាររក្សាសន្តិសុខ សុវត្ថិភាព របៀបរៀបរយសាធារណៈ សណ្ដាប់ធ្នាប់សង្គម ចរាចរណ៍ ដើម្បីធានាបាននូវសុវត្ថិភាព ជូនភ្ញៀវជាតិ អន្តរជាតិ មហាជន និងប្រជាពលរដ្ឋ ដែលអញ្ជើញចូលរួមកម្សាន្តសប្បាយ ប្រកបដោយសុខដុមនីយកម្ម។
ទទួលបានសេចក្ដីណែនាំនេះ ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អភិបាល ន គណៈអភិបាលក្រុង ស្រុកទាំង៥ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត វិស័យឯកជន និងបងប្អូនប្រជាពលរដ្ឋ ត្រូវ ចូលរួមអនុវត្តតាមខ្លឹមសារនៃសេចក្ដីណែនាំនេះ ឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕
ដោយ៖សហការី