ខេត្តពោធិ៍សាត់៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយក្រសួងកសិកម្ម នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំគណៈកម្មាធិការថ្នាក់ជាតិ ថ្នាក់ខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចស្រុកកណ្ដៀង ចុះត្រួតពិនិត្យដល់មូលដ្ឋានដែលរងផលប៉ះពាល់ដំណាំស្រូវរបស់បងប្អូនប្រជាជន ដែលលិចលង់ដោយសារគ្រោះទឹកជំនន់ ស្ថិតក្នុងភូមិផ្ទះគរ ឃុំអន្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានមានប្រសាសថា ដំណាំស្រូវរបស់ប្រជាពលរដ្ឋ ដែលរងការលិចលង់ដោយសាទឹកជំនន់ ប្រមាណជា៣.០០០ហិតា ហើយខូចខាតទាំងស្រុងប្រហែល២៥០០ហិតា ដោយ៥០០ហិតាទៀតប្រជាពលរដ្ឋអាចទទួលបានផលខ្លះ ។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា គ្រោះមហន្តរាយនេះមិនមែនមានតែរងគ្រោះ នៅខេត្តពោធិ៍សាត់ទេ គឺខេត្តដែលធ្ងន់ធ្ងរជាងគេ មាន បន្ទាយមានជ័យ សៀមរាប កំពង់ធំ និងពោធិ៍សាត់ ដែលសរុបប្រមាណជាជាង ២មុឺនហិតា ដោយយើងកំពុងសិក្សាវាយតម្លៃជាមួយក្រសួងកសិកម្ម និងគណៈកម្មាធិកាជាតិដើម្បីរាយការណ៍ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានជ្រាបក្នុងការផ្ដល់ពូជស្រូវដល់ពលរដ្ឋបានដាំដុះបន្ត៕
ដោយ៖ស តារា